ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ មេសា ២០១៨ ម្សិលមិញនេះ កម្លាំងការិយាល័យក៤ ចំនួន៨នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានព័ទ្ធចាប់ខ្លួនឃាតករភ្នែក ដែលល្បីកក្រើកនៅវៀតណាម ថាជាឃាតកដ៏សាហាវ ដែលបានធ្វើសកម្មភាពប្លន់ រំលោភ សម្លាប់ដ៏កក្រើកជាច្រើនករណី ហើយបានគេចខ្លួន ពីប្រទេសវៀតណាម ជិតកន្លះឆ្នាំ ។

ទីបំផុតឃាតកភ្នែក១ ដ៏សាហាវជាជនជាតិវៀតណាម ម្នាក់នេះត្រូវអស់លក្ខណ៍នៅក្នុងស្រុកខ្មែរ ដោយត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញនៃការិយាល័យ “ក៤” ចាប់ខ្លួនបាន បន្ទាប់ពីមានដីការ ស្វែងរកចាប់ខ្លួនពីតុលាការ របស់ប្រទេសវៀតណាម ។

ហេតុការណ៍ចាប់ខ្លួន ឃាតកខាងលើនេះ បានកើតឡើងនៅចំណុចខាងក្រោយ វត្តចម្បារ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយយោងតាមដីការរបស់ សមត្ថកិច្ចប៉ូឡិសវៀតណាម ដែលបានចោទប្រកាន់ជនជាប់ចោទខាងលើ ពីបទប្លន់ រំលោភ សម្លាប់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តចាវិញ ប្រទេសវៀតណាម ។

បន្ទាប់ពីសាកសួរ និងធ្វើកំណត់ហេតុរួចរាល់ហើយ សមត្ថកិច្ចខាងកម្ពុជាក៏បានប្រគល់ឃាតកខាងលើនេះ ទៅឲ្យនគរបាលវៀតណាម ដើម្បីចាត់ការតាមនិតិវិធីច្បាប់ របស់ប្រទេសវៀតណាម ៕