ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បានពិភាក្សាការងារជាមួយនឹងក្រុមការងារបរិស្ថានរបស់អាមេរិក (US Forest Service) ហៅកាត់ USFS នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងសមត្ថភាពដល់មន្រ្តីឧទ្យានានុរក្សរបស់កម្ពុជា។

តំណាងក្រុមការងារ USFS បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងUSFS និងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន លើការរៀបចំគម្រោងវគ្គបណ្តុះបណ្តាលដល់មន្រ្តីឧទ្យានានុរក្ស ក្រោមប្រធានបទ«បណ្តុះបណ្តាលបមានីយកម្មដល់មន្រ្តីឧទ្យានានុរក្ស ក្នុងតំបន់ការពារធម្មជាតិ លើការងារបច្ចេកទេសល្បាត»។

ជាមួយគ្នានេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងជំរុញឱ្យកិច្ចសហប្រតិបត្តិការរួមចំណែកបង្កើនចំណេះដឹង ជំនាញបន្ថែមដល់មន្រ្តីឧទ្យានានុរក្ស ដើម្បីទទួលបានប្រសិទ្ធភាពការងារ នៅក្នុងការចូលរួមថែរក្សា ការពារធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់បាននូវបទល្មើសផ្សេងៗ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចិរភាព។

សូមបញ្ជាក់ថាគម្រោងនេះមានរយៈពេល១៨ខែ ដោយមានការគាំទ្រថវិកាពីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក៕