ខេត្តសៀមរាប​៖​ ថៅកែលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតករចាក់សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ហើយសាកសពរបស់ជនរងគ្រោះ ត្រូវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹក ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុង​ក្រុម​ទី​៩​ ភូមិ​ក្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​ខេត្ត​សៀ​មរាប​ បានឲ្យដឹងថា ជន​រង​គ្រោះ ​ឈ្មោះ ​ពិត​ បារាំង​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​លក់​គ្រឿង​រថយន្ត​ ស្នាក់​នៅ​ក្រុម​ទី​៩​ ភូមិ​ក្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​ខេត្ត​សៀ​បរាប​ បានឱ្យ​ដឹងជា​បឋម​ថា​ អំពើ​ឃាតកម្ម​ខាងលើ​ អាច​ជា​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ​ពីព្រោះជនដៃដល់បាន​យក​ទ្រព្យសម្បត្តិអស់ជាច្រើន។ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានដឹងចំនួនជាក់លាក់នៅឡើយទេ ហើយ​ជនសង្ស័យ​អាច​ជា​មនុស្ស​ស្គាល់គ្នា​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសព រួចហើយធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យ​ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងតែដុតដៃជើងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនឃាតករ នាំ​មក​ផ្តន្ទាទោសតាមច្បាប់៕