ក្មេងស្រីជំទង់ម្នាក់ ទើបតែអាយុ១៥ឆ្នាំ ទៅសុំកន្លែងលក់ស៊ុបគោ នៅក្នុងមជ្ឃមណ្ឌលកោះពេជ្រ ធ្វើការមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបែកគំនិត ឆ្លៀតអាកាសម្ចាស់ហាងអត់នៅ ក៏លួចយកស្រាបៀរអស់២កេះ និងទឹកអប់ទុកបាញ់ ម្រេញគង់វាល ត្រូវម្ចាស់ហាងតាមទាន់ ចាប់បានប្រគល់ទៅអោយ សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ យកទៅអប់រំ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង2​រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ មាត់ទន្លេកោះពេជ្រ នៅចំណុចហាងស៊ុបគោមហាលាភ ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យមាន ឈ្មោះឌេន សុភា អាយុ១៥ឆ្នាំ ​មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពពត៌មាន ពីជនរងគ្រោះ មានឈ្មោះ ឈន វួចលាង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ​ថៅកែ ហាងកើតហេតុខាងលើ ស្នាក់នៅ​ផ្ទះលេខ1071A ផ្លូវជាតិលេខ២ ភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានអោយដឹងថា មុនពេលកើតហេតុ គឺជនសង្ស័យខាងលើនេះ បានមកសុំគាត់ចូលធ្វើការ ដោយសារគាត់ ខ្វះបុគ្គលិកផងនោះ ហើយអាណិតក្មេងស្រីនោះ ក៏ព្រមទទួលអោយចូលធ្វើការ នៅហាងស៊ុបគោរបស់គាត់ នឹងអោយបាយទឹក២ពេល ប្រាក់ខែជាង100$ ​ខណៈពេលចូលធ្វើការហើយ បាន​២ថ្ងៃមុនគាត់មានការរវល់ មិនបានលក់ក៏បិទហាង លុះពេលដល់ថ្ងៃ គាត់បើកហាងវិញ ក៏បាត់ស្រាបៀរអស់២កេះ និងឃើញយកមីហូប ​រាយពេញហាង រួមនឹងបាត់ទឹកអប់ដែលទុក បាញ់ម្រេចគង់វាល ​គាត់ក៏បានតាមដានឃើញ ជនសង្ស័យអត់មកធ្វើការ ហើយបែរជាទៅធ្វើការ នៅកន្លែងគេផ្សេង នៅមុខណាហ្គាវើរ ទើបគាត់ចាប់ខ្លួន រួចក៏នាំទៅអោយសន្តិសុខកោះពេជ្រ ឆែកកាបូបមើលឃើញ ទឹកអប់២ទៅ៣ដប ដែលទុកបាញ់អោយម្រេញគង់វាល ភ្លាមៗនោះដែរ ក៏នាំខ្លួនមកប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីអោយសមត្ថកិច្ចសួរនាំ ។

ក្រោយពេលកើតហេតុម្ចាស់ហាងស៊ុបគោ មហាលាភគាត់អាណិតក្មេងស្រីនោះ មិនបានដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែអោយសមត្ថកិច្ច ធ្វើការអប់រំរួចដោះលែង អោយត្រឡប់ទៅវិញ ៕