ខេត្តរតនគិរី៖ បុរសម្នាក់កំពុងតែបើកគោយន្តកែច្នៃ១គ្រឿង ស្រាប់តែងងុយដេក ហើយងោកមួយភាំង ធ្វើឲ្យគោយន្តរេចង្កូតខុសផ្លូវ ក្រឡាប់​​ផ្ងារជើង ​កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅតាម​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ក្បែរ​សាលារៀន​បុរី​កម្មករ​មួយ ស្ថិត​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង។

បើតាមសម្ដីរបស់លោក វី សា អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ​ស្នាក់​នៅ​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គាត់បានបើកគោយន្តកែច្នៃ ចេញពីស្រុកលំផាត់​ ឆ្ពោះទៅក្នុងក្រុងបានលុង។ ប៉ុន្តែនៅពេលកើតបើកមកដល់ចំណុចកើតហេតុ ស្រាប់តែងងុយដេក ហើយងោកមួយភាំង ធ្វើឲ្យគោយន្តរបស់គាត់រេចង្កូុតខុសផ្លូវ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យគាត់រងរបួសគួរសម។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​នគរបាល​ប៉ុស្តិ៍​កាចា​ញ បានចុះទៅពិនិត្យមើល ប៉ុន្តែដោយសារករណីនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ទើបសមត្ថកិច្ចទុក​ឲ្យ​ម្ចាស់​គោ​យន្ត​ រកមធ្យោបាយមកស្ទូចគោយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង៕