ខេត្តស្វាយរៀង៖ ​ជនជាតិ​វៀត​ណា​មម្នាក់ បានដើរទិញគោក្របីរបស់ប្រជាពលរដ្ឋខែ្មរ បែរជាឲ្យលុយដុល្លារសែនខ្មោច ទើបម្ចាស់ប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩ និង​២៥​នាទី​ព្រឹក ​ថ្ងៃ​ទី​១៩ មេ​សា ស្ថិត​ក្នុងភូមិ​វាល​ សង្កាត់ច្រក​ម្ទេស ក្រុងបា​វិត។

បើតាមសម្ដីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានរកដើរទិញគោ និងក្របីរបស់ពួកគាត់ ហើយព្រមព្រៀងគ្នា ក្នុងតម្លៃ២៣០០ដុល្លាសហរដ្ឋអាមេរិក។ លុះមកដល់ថ្ងៃទី​១៩ ខែមេ​សា ២០១៨ ពួកគាត់បាន​យក​លុយ​ដុល្លារនោះទៅ​រក​ទិញ​អីវ៉ាន់ ​ទើប​ដឹង​ថា គឺ​សុទ្ធតែ​លុយ​ដុល្លារ​ក្លែងក្លាយ​ទាំងអស់ ហើយក៏​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​តែ​ម្តង។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា​ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ លី ង្វៀ​ង​ខាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ​ជនជាតិ​វៀត​ណាម មាន​លំនៅ​ក្នុងភូមិ​ឡុ​ង​ហ៊ឹង ឃុំ​ឡុ​ង​ធឹង ស្រុក​ប៊េ​ន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម។ រីឯជនរងគ្រោះ រួមមាន ទី១-​ឈ្មោះ ស្រី ស៊ន់ ភេទ​ប្រុស អាយុ​៥២ឆ្នាំ (ម្ចាស់​គោ) ទី២-​ឈ្មោះ ស្រី វៀន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ (​ម្ចាស់​ក្របី​) និងទី៣-​ឈ្មោះ ចាន់ សា​រឿ​ន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ (​ម្ចាស់​ក្របី)។ ជនរងគ្រោះ​ទាំង​៣មានលំនៅ​ក្នុងភូមិ​វាល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្ត​ស្វាយរៀង។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រោយពេល​ពាក្យបណ្ដឹងបែបនេះ សមត្ថកិច្ចបាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ ​ហើយ​ពិនិត្យ​ឃើញ​ថា ប្រាក់​ចំនួន​២០០០​ដុល្លារ គឺ​សុទ្ធ​ជា​ប្រាក់​ក្លែង​ក្លាយ​​ទាំងអស់។ ក្រោយមក ម្ចាស់​ក្របី​ក៏​បាន​ទូ​រស​ព្ឌ័​ទាក់ទង​ទៅ​ជនសង្ស័យ​ឱ្យ​ឡើង​មក​យក​ក្របី​មួយ​ក្បាល​​ទៀត។ នៅ​ពេលនោះ ​ជនសង្ស័យក៏ឡើង​មក​តាម​ការ​ណាត់​តាម​ទូរស័ព្ទ ទើប​សមត្ថកិច្ច​ឃាត់ខ្លួននាំ​ទៅ​សាកសួ នៅ​ក្នុងប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាន ​ដើម្បី​ចាត់ការបន្តតាមនីតិវិធី៕