ភ្នំពេញ៖ បុរសម្នាក់រួមនិងបក្ខពួកម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រើប្រជាពលរដ្ឋរាយការណ៍មកថា បានប្រើប្រាស់គ្រឿងញៀន ហើយប្រើអំពើហិង្សាក្នុងគ្រួសារទៀត ដែលហេតុការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីម៉ោង១៧និង០០នាទីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទី១ឈ្មោះ រឿន សោភា អាយុ៣៦ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ទី២ឈ្មោះ ដេង រ៉ាវុធ អាយុ៣១
ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ សេ ប៉េ សេ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា តាមពិតមុនដំបូង ប្រជាពលរដ្ឋបានប្តឹងឱ្យទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿន សោភា ទេដែលក្រោយពីប្រើប្រាស់គ្រឿងញៀន ហើយតែងតែមកប្រើហិង្សាក្នុងគ្រួសារ ដោយវាយតប់មកលើប្រពន្ធជារឿយៗ ដោយអ្នកជិតខាងទ្រាំមើលនិងភ្នែកលែងបាន ក៏ប្តឹងសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះចាប់ជនខាងលើ ។ ពេលសមត្ថកិច្ចទៅដល់ ឃើញមានបក្ខពួកជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ទៀត ក៏ចាប់យកមកទាំង ២នាក់តែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ត្រូវបញ្ជូនយកទៅសាកសួរបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងបានឃាត់ខ្លួនតែម្តង ៕