​ភ្នំពេញ​៖​ បុរសបរទេស២នាក់មានសញ្ញាតិផ្សេងៗគ្នា បានចូលមកក្នុងប្រទេសកម្ពុជា ដោយគ្មានលិខិតឆ្លងដែន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃពុធ​ ៤​កើត​ ខែ​ពិសាខ​ ឆ្នាំចរ​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៨​ នៅក្នុងសង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ។

​លោក​វរសេនីយ៍ឯក​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី ​បានឱ្យ​ដឹង​ថា ​ជនបរទេស​ទាំង២នាក់ដែលសមត្ថកិច្ច​ឃាត់ខ្លួន ទី​១-​ឈ្មោះ​ HUGO​ ARNOLD​ DYKSTRA​ ភេទ​ប្រុស​ អាយុ​៦៨​ ជនជាតិ​ហូ​ឡង់​ និងទី​២-​ឈ្មោះ​ KIM​ JOHNS​ ភេទ​ប្រុស​ អាយុ​៥៨​ ជនជាតិ​កូរ៉េ​ សញ្ជាតិ​អា​មេ​រិ​ក។ ពួកគេទាំង២នាក់ គឺគ្មានលិខិតឆ្លងដែន គ្មានមុខរបរ និងមានទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

នាយការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី បានបន្តថា បន្ទាប់ពីឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបានបញ្ជូនពួកគេទៅកាន់ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ដែលមានទីតាំងស្ថិត​នៅ​ផ្ទះ​លេខ​៣​ ផ្លូវ​លេខ​១៥៨​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ ដើម្បីសាកសួរ រួចហើយបញ្ជូនទៅ​កាន់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ដើម្បី​អនុវត្តតាម​នីតិវិធី​បន្ត៕