ព្រៃវែង៖ បន្ទាប់ពីចាប់រំលោភក្មេងស្រីរងគ្រោះម្នាក់ក្នុងចេតិយ និងសម្លាប់ចោលបោះសពចូលទៅក្នុងទឹកស្រះរួចមក បានរយៈពេលត្រឹមតែមួយថ្ងៃសមត្ថកិច្ចក៏បាន ស្រាវជ្រាវតាមចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលការចាប់ខ្លួននេះបានធ្វើឡើង កាលពីវេលាថ្ងៃ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ។

ជនសង្ស័យឈ្មោះ ពេជ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ចាន់ ស្រីជេត ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ត្រូវបានជនសង្ស័យចាប់រំលោភក្នុងចេតិយ វត្ត «សន្ធោ» រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះ នេះបើយោងតាមចម្លើយសារភាព របស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ច ។

ជនសង្ស័យបានសារភាពឱ្យដឹងទៀតថា កាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ប៉ុន្តែកាលណោះជនសង្ស័យ និងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឱ្យសមត្ថកិច្ចដឹង។

សូមបញ្ជាក់ដែរថា កាលវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានប្រទះឃើញសពក្មេងស្រីរងគ្រោះ នៅចំណុចមាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធា ក្នុងភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ក្រោយមកសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជាករណីរំលោភ រួមសម្លាប់ រហូតស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យរយៈពេល ១ថ្ងៃបន្ទាប់ពីបានធ្វើសកម្មភាព ៕