ខេត្តកណ្តាល៖ ក្រោយពីមានរឿងអាស្រូវជាច្រើន និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដាក់ពន្ធនាគារផងនោះ ស្រាប់តែពេលនេះ ស្ត្រីជើងខ្លាំង ឈ្មោះ កែវ រតនៈ ហៅហ្គិច បានចេញមកបង្ករឿង១ករណីទៀតហើយ គឺនាងបាន មកដុតរោងចក្រផលិតឈើកៅស៊ូ របស់ប្តីនាង ធ្វើឲ្យឆាបឆេះផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ភ្លាមៗ តែសំណាងល្អបានពន្លត់ទាន់ពេល ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ស្ត្រីម្នាក់ឈ្មោះហ្គេច ដែលបង្ករឿងហេតុនេះឡើង ភ្លាមៗផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី១៦ មេសា ២០១៨ នៅចំណុចរោងចក្រ ប្រាយវ៉េ ផលិតកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទកឹជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយបើយោងតាមមន្ត្រីកងរាជអាវុធហត្ថ ប្រចាំខេត្តកណ្តាលបានប្រាប់ថា សមត្ថកិច្ចនឹងធ្វើរបាយការណ៍ បញ្ជូនជនបង្ក ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។

បើតាមអ្នកឃើញហេតុការណ៍ បានប្រាប់ថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលទូរស័ព្ទ រាយការណ៍មកថា មានករណីអគ្គីភ័យឆាបឆេះមួយ បានកើតឡើងនៅរោងចក្រមួយកន្លែងខាងលើ ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើន នាំគ្នាទៅជួយពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ របស់កងទ័ពឆ័ត្រយោង៩១១ ២គ្រឿង និងឡានទឹក៦គ្រឿង ទើបរលត់អស់ ហើយមុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង មានគ្នា៤ទៅ៥នាក់ ចូលទៅដុតឈើ ហើយបានគំរាមគេមិនឲ្យចូលទៅពន្លត់ ពេលដែលភ្លើងកំពុងតែឆាបឆេះនោះ ហើយអ្នកឃើញហេតុការណ៍ ក៏បានអះអាងដែរថា បានឃើញប្រពន្ធរបស់ម្ចាស់រោងចក្រ ឈ្មោះ កែវ រតនៈ ហៅហ្គិច បានបើករថយន្តឡិចស៊ិស៥៧០ ពាក់ស្លាកលេខខម.៦៧៦២ ជាអ្នកដុតផងដែរ ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីសាក្សីភ្លាមៗ សមត្ថកិច្ចក៏បានប្រកាស ស្វែងរកចាប់ខ្លួននាងហ្គិច ដែលបានបើកឡានរត់គេចនោះ ហើយត្រូវចាប់ខ្លួនបានប៉ុន្មានម៉ោង ក្រោយពេលកើតហេតុ ។ គួរបញ្ជាក់ដែរថា កាលពីកំឡុងឆ្នាំ២០១៦ នាងហ្គេចបានបើកបរក្នុងសភាពស្រវឹង ហើយបានបុកយុវជន២នាក់របួសធ្ងន់ ត្រូវតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ ហើយកាលពី១០ឆ្នាំមុន នាងហ្គេចក៏បានដកកាំភ្លើង បាញ់គំរាមពលរដ្ឋនៅជិតវត្តសន្សំកុសលផងដែរ ៕