សៀមរាប៖ កាលពីថ្ងៃ​ទី​១១ មេ​សា ២០១៨ វេលាម៉ោងប្រហែល៤រសៀល មានហេតុការណ៍ដ៏រន្ធត់មួយ បង្កដោយប្តី​ចិត្ត​តិរច្ឆាន​ម្នាក់ ស្រវឹងស្រា​ជោគជាំ បានទាស់សម្តី​ជាមួយមួយ​ប្រាវ ស្រាប់តែប្តីចិត្តខ្លាំង យ​ក​ចំបើង​មួយ​បាច់ មក​ដុត​ប្រពន្ធ​ទាំង​រស់ ​ពេល​កំពុង​ដេក​លក់ ​នៅ​លើ​អង្រឹង​ក្រោមផ្ទះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ ចុះ​ឃាត់ខ្លួន​ជនល្មើសជាប្តី បាន​ភ្លាម​ៗ​មក​កាន់​ការិយាល័យ​ជំនាញ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។ យោងតាមសម្តីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្ត បានប្រាប់ឲ្យដឹងថា ជនល្មើសជាប្តីដែលបានដុតប្រពន្ធខ្លួនឯង សម្លាប់នោះមានឈ្មោះ ឡិញ ឡាយ អាយុ៥៨ឆ្នាំ ប្រកបមុខរបរជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ ចំណែកប្រពន្ធដែលរងគ្រោះ ត្រូវប្តីដុតទាំងរស់នោះ ឈ្មោះ រឿន ហេម អាយុ៥៣ឆ្នាំ។

បើតាមសម្តីរបស់អ្នកជិតខាង ដែលរស់នៅក្បែរនោះ បានរៀបរាប់ថា មុនពេលកើតហេតុ វេលាម៉ោងប្រមាណ៤រសៀល ប្តីប្រពន្ធខាងលើ បានឈ្លោះប្រកែកគ្នា ដោយកើតមានអំពើហិង្សាដាក់គ្នាផងដែរ នៅខាងក្រោមផ្ទះរបស់ជនល្មើសជាប្តី ហើយប្តីប្រពន្ធទាំង២នាក់នោះ ស្រវឹងស្រាជោគដូចគ្នា ក្រោយមកប្រពន្ធក៏បានដេកលក់ នៅលើអង្រឹងក្រណាត់សំណាញ នៅខាងក្រោមផ្ទះកើតហេតុ ។

មួយសន្ទុះក្រោយមក ស្រាប់តែគេបានឃើញបុរសជាប្តី យកចំបើង១បាច់ មករាយលើប្រពន្ធដែលកំពុងតែដេកលក់ រួចក៏យកភ្លើងមកដុតពីលើប្រពន្ធតែម្តង ធ្វើឲ្យភ្លើងបានឆាបឆេះឡើង បណ្តាលឲ្យរលាកជើងនិងដៃធ្ងន់ធ្ងរ ហើយត្រូវបានអ្នកជិតខាងប្តឹងប៉ូលិសភ្លាមៗ និងបញ្ជូនប្រពន្ធរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

បន្ទាប់ពីសមត្ថកិច្ចចុះទៅដល់ផ្ទះកើតហេតុ ក៏បានចាប់ខ្លួនបុរសជាប្តី យកទៅឃុំខ្លួននៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕