ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃ​ទី​១២ ខែ​មេ​សា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ បាន​ប្រទះ​ឃើញ​​ គ្រាប់បែកដៃ​១​គ្រាប់ ត្រូវបានជនមិនស្គាល់មុខ យកមកប្លុងចោលនៅលើចិញ្ចើមផ្លូវ មួយកន្លែងស្ថិតនៅក្នុងភូមិ ម្នាស់កាល ឃុំអូរដា ស្រុកកំរៀង ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ។

បើតាមប្រភពព័ត៌មានខ្លះៗ ពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រាប់បែកនោះត្រូវបានគេរុំស្កុត ពណ៌ខ្មៅ ហើយយកមកប្លុងចោលនៅក្បែរផ្លូវ ហើយប្រជាពលរដ្ឋដែលដើរកាត់ទីកន្លែងនោះ បានឃើញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏ប្រញាប់ទៅរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឲ្យចុះមកត្រួតពិនិត្យ ភ្លាមៗផងដែរ ។

បើតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់បែកដែលគេយកមកប្លុងចោលនេះ គឺជាប្រភេទគ្រាប់បែកនៅថ្មី គុណភាព១០០ភាគរយ ហើយជនអនាមិកដែលបានយកគ្រាប់បែក មកប្លុងចោលនេះគឺមានចេតនា បង្កឲ្យភាពវឹកវរចលាចល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងនេះ តែនេះចាត់ទុកជាសំណាងមួយ ដែលបានប្រជាពលរដ្ឋប្រទះឃើញមុន។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចហើយ សមត្ថកិច្ចមូលដ្ឋានក៏បានយកគ្រាប់បែកខាងលើ ទៅរក្សាទុកដើម្បីស្រាវជ្រាវ រកប្រភពជនអនាមិកដែលមានចេតនា ធ្វើឲ្យចលាចលក្នុងសង្គម ៕