ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ បែកក្បាលហូរឈាមកក្លាក់ វង្វេងបាត់ស្មារតី បន្ទាប់ពីផឹកសុីស្រវឹង ទោទន់ បើកម៉ូតូល្បឿនលឿនប្រញាប់ទៅបើកលុយនៅរោងចក្រ ឆ្លងផ្លូវទៅបុករថយន្តឡិចសុីស RX300 បើកលើផ្លូវអថិភាព កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ នួន សែតច័ន្ទ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រអូរលីវ ក្បែរកន្លែងកើតហេតុ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ អំពឹប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1F-9646 ។ ចំណែករថយន្តម៉ាក ឡិចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1348 បើកបរដោយ បុរសម្នាក់ជា បុគ្គលិករោងចក្រ នៅក្បែរកន្លែងកើតហេតុ ។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ផឹកសុីស្រវឹង នៅរោងចក្រក្បែរនោះទៅផ្ទះម្ដងហើយ ហើយនៅវេលាម៉ោងខាងលើ ជនរងគ្រោះបានជិះម៉ូតូវិលត្រឡប់មករោងចក្រវិញ ដើម្បីបើកប្រាក់ខែ ដោយក្នុងស្ថានភាពស្រវឹងផង បើកម៉ូតូល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ។

លុះដល់ចំណុចខាងលើបត់ឆ្លងផ្លូវបំណងចូលរោងចក្រ ត្រូវបានជ្រុលទៅបុកជាមួយរថយន្តឡិចសុីស កំពុងបើកពីត្បូងទៅជើង ពេញទំហឹង បណ្តាលឱ្យម៉ូតូបាក់រួញមួយកំណាត់មុខ ធ្លាក់កំប៉ុង ស្រាបៀរ ទឹកក្រូចរាយប៉ាយ រថយន្តខ្ទេចផ្នែកខាងស្តាំ ដាច់ធ្លាក់កាងមុខ អ្នកបើកបររងរបួសធ្ងន់ បែកក្បាល សន្លប់វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរព្រះកុសុមៈ រីឯអ្នកបើកបររថយន្ត ក្រោយកើតហេតុ បានដើរចូលរោងចក្របាត់ ទុលតែតំណាងរង់ចាំនៅកន្លែង ហើយសមត្ថកិច្ច យករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋាន រង់ចាំដោះស្រាយពេលក្រោយ ៕