ភ្នំពេញ៖ ស្ពានអាកាសត្រង់ស្តុបផ្សារដីហុយ ឬស្ពានអាកាសទី៥ បន្ទាប់ពីបើកឱ្យអ្នកដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីសម្រួលនូវការកកស្ទះចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ មិនទាន់បានមួយថ្ងៃផង ស្រាប់តែនៅវេលាម៉ោង១៣រសៀល ថ្ងៃដដែលនេះ ស្ពានអាកាសខាងលើ ជួបរឿងហេតុប្លែកៗ ខណៈដែលការអនុញាតិឱ្យបើកបរឆ្លងកាត់ ស្ពានជាបណ្តោះអាសន្ន តែរថយន្តធន់តូច ទោចក្រយានយន្ត យានរុឺម៉ក មានទាំងដាក់សញ្ញា របាំង ឃាំង យ៉ាងណាក្តី បែជានៅវេលាម៉ោងខាងលើ រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍មួយគ្រឿង បានបើកឡើង ទាក់របាំង ស្លាកសញ្ញា បាក់ប៊ើងដូចស្លឹក ខ្ទាតជាង ១០ម៉ែត្រ ត្រង់ចំណុចគល់ស្ពានខាងកើត ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែសំណាងល្អ មិនមានប៉ះពាល់អ្នកដំណើរដែរឆ្លងកាត់ ។

រថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ៤២កៅអី ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-1053 ដឹកភ្ញៀវទេសចរណ៍ ជនជាតិចិន អ្នកបើកបរ ចុះគេចខ្លួនបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ពានអាកាសត្រង់ចំណុចស្តុបផ្សារដីហុយ ត្រូវបានរាជរដ្ឋាភិបាលសម្រេច បើកឱ្យដំណើរការ ចរាចរណ៍ឆ្លងកាត់ ស្ពានជាបណ្តោះអាសន្ន បានតែប្រភេទរថយន្តធន់ស្រាល តូច ទោចក្រយានយន្ត កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមេសានេះ ទើបតែមាន៦ម៉ោង ស្រាប់តែនៅវេលាម៉ោង១៣រសៀលថ្ងៃដដែល បែជាមានរថយន្តក្រុង ប្រភេទ ៤២កៅអី ដឹកភ្ញៀវទេសចរណ៍ បើកឡើងស្ពាន ធ្វើឱ្យទាក់នឹងរបាំ សញ្ញាហាមឃាត់ បាក់ ប៊ើងជាង ១០ម៉ែត្រ ហើយរថយន្តបង្កព្យាយាមបើករត់ តែត្រូវបានកម្លាំងនគរបាល ប្រចាំការទីនោះប្រដេញតាម ចាប់បានតែរថយន្ត ត្រង់ចំណុចផ្លូវសហព័ន្ធរុស្សី ទល់មុខមជ្ឈមណ្ឌលអ៊ែតវ៉ូត អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

រថយន្តបង្កខាងលើ ក្រោយពីបង្កបញ្ហា ប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ ហើយបើកល្មើសទៅនឹងស្លាកសញ្ញាហាមឃាត់ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រង់ចាំស្រាវជ្រាវ រកម្ចាស់មកដោះស្រាយ ៕