(សៀមរាប)៖ ដោយសារតែ ក្រុមចោរលូកប៉ៅបានប្រមូលផ្តុំគ្នា ដើម្បីលូកហោប៉ៅភ្ញៀវទេសចរណ៍ ដែលទៅកំសាន្តនៅខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត បានសម្រេចចិត្ត បង្ហាញមុខសញ្ញាលូកហោប៉ៅ ចំនួន៦៦នាក់ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទៅដើរលេងកំសាន្ដសប្បាយ នាពិធីបុណ្យចូលឆ្នាំខាងមុខនេះ ឲ្យមានការប្រុងប្រយ័ត្ននូវសម្ភារៈ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបើបានឃើញមុខសញ្ញាទាំងនេះ សូមរាយការណ៍មកខាងសមត្ថកិច្ច ខេត្តសៀមរាបភ្លាមៗ។
សូមជម្រាបថា ដើម្បីបង្កើនការប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋដែលទៅចូលរួមលេងកំសាន្ដ នាឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងខេត្តសៀមរាបនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទពិសេស៦ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍មុខសញ្ញាផ្សេងៗ ដែលទាក់ទងនឹងករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង។
ប្រជាពលរដ្ឋទាំងអស់អាចទំនាក់ទំនង ទៅកាន់នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៧ខ្សែ រួមមាន៖ 117, 740, 741,742,743 និង 744។ សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងខេត្តសៀមរាប ប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨៕