ភ្នំពេញ ៖ ក្រុមហ៊ុនរថយន្តក្រុងកាពីតូល ហាក់បីដូចជាផ្គើននិងរាជរដ្ឋាភិបាល គ្រាដែលឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញរថយន្តក្រុង សាធារណៈចំនួន១០០គ្រឿង ដើម្បីដឹកជញ្ជូនពួកគាត់ទៅតាមបណ្តាខេត្ត ហើយក៏បានអំពាវនាវ ដល់សេវារថយន្តក្រុងឯកជនទាំងអស់ កុំឲ្យមានការដំឡើងថ្លៃសំបុត្រ តែបែរជាក្រុមហ៊ុនឯកជនមិនស្តាប់ដំឡើងថ្លៃស្ទើរមួយគុណនឹងពីរ បាត់ទៅហើយ ។

កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ នព្វ ស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរទៅតាមបណ្ដារខេត្ត បានត្អូញត្អែរយ៉ាងខ្លាំង ចំពោះក្រុមហ៊ុនដឹកជញ្ជូន ដែលនៅតែបន្ដដំឡើងថ្លៃដដែល ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញរថយន្តក្រុង សាធារណៈចំនួន១០០គ្រឿង ដើម្បីដឹកជញ្ជូនពួកគាត់ ទៅតាមបណ្តាខេត្តមិនយកលុយ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត នៅឯខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១២ ខែមេសា បាននិយាយថា គាត់បានជិះរថយន្តក្រុង របស់ក្រុមហ៊ុនកាពីតូលទេសចរណ៍ ដោយបានទិញសំបុត្ររបស់ក្រុមហ៊ុននេះ ក្នុងតម្លៃ៣៥.០០០រៀល ថ្ងៃធម្មតាឬថ្ងៃដែលរាជរដ្ឋាភិបាល មិនទាន់បញ្ចេញរថយន្តក្រុងសាធារណៈ ចំនួន១០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនមិនគិតថ្លៃនោះ គឺខាងក្រុមហ៊ុនកាពីតូលទេសចរណ៍ ដឹកអ្នកដំណើរ គឺយកតម្លៃតែ១៥.០០០រៀលទៅ២០.០០០រៀលប៉ុណ្ណោះ តែជិតថ្ងៃចូលឆ្នាំ បែរជាឡើងរហូតទៅដល់៣៥.០០០ រៀលទៅហើយ ។

ប្រជាពលរដ្ឋបានលើកឡើង ជាចម្ងល់ថា រាជរដ្ឋាភិលបានបញ្ចេញរថយន្ត ក្រុង១០០គ្រឿងដឹកជញ្ជូន ដោយឥតគិតថ្លៃដើម្បីកុំឲ្យ ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដំឡើងថ្លៃហើយ តែហេតុអ្វីបានជាក្រុមហ៊ុនឯកជនមួយនេះ នៅតែបន្តដំឡើងថ្លៃសំបុត្រ ដដែល?

សូមបញ្ជាក់ថា ជារឿយៗសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យក្រុមហ៊ុន ដឹកជញ្ជូនដំឡើងថ្លៃដល់អ្នកធ្វើដំណើរ ទៅលេងស្រុកកំណើត នៅតាមបណ្តាខេត្តនានា ពេលចូលឆ្នាំខ្មែរ ប៉ុន្តែមិនមានប្រសិទ្ធភាពទើបរាជរដ្ឋាភិបាល បានសម្រេចផ្តល់សេវារថយន្តក្រុង ដឹកជញ្ជូនពលរដ្ឋដោយ “មិនបង់ថ្លៃ” ចាប់ពីថ្ងៃទី១២-១៨ ខែមេសា។ ឥឡូវនេះមិនទាន់ដល់ ថ្ងៃទី១៣ មេសា ផង ក្រុមហ៊ុនឯកជនឡើងថ្លៃ មុនបាត់ទៅហើយ៕