សិល្បៈ៖ ថ្វីបើមនុស្សកើតមកមានជីវិតដូចគ្នា តែវាសនាមិនដូចជាគ្នាឡើយ សូម្បីតែអ្នកសិល្បៈដែលមានការងារដូចគ្នាក្ដី ក៏អនាគត់ពួកគាត់មិនដូចគ្នាដែរ ជាក់ស្ដែងបច្ចុប្បន្ននេះមានតារាមួយចំនួនតូច ពុំសូវមានធនធាន ពេលឈឺក៏ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ព្យាបាល ប៉ុន្តែសម្រាប់តារាជាច្រើនគឺមានជីវភាពធូរធារ រហូតដល់មានតារាខ្លះមានភព្វវាសនាក្លាយជាអ្នកមានមុខមាត់ធំក្នុងសង្គម ជាក់ស្ដែងដូចជាតារាស្រីវ័យក្មេងចំនួន ៣រូបមានវាសនាក្លាយជាជំទាវ ក្នុងនោះមាន៖

១ ជំទាវ ម៉ៅ ចំណាន
លោកជំទាវ ម៉ៅ ចំណាន ឬ ស្រីតូច ចំណាន (ឈ្មោះក្នុងសិល្បៈ) ជាអតីតតារាសម្ដែង និងពិធីការិនី ដ៏មានប្រជាប្រិយភាពខ្លាំង ក្នុងអំឡុងឆ្នាំ ១៩៩៩-២០០៣ ហើយបច្ចុប្បន្នមានងារជាជំទាវពេញសិទ្ធបន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ។

២ លោកជំទាវ លី យ៉ាណា
លោកជំទាវ លី យ៉ាណា ជាអតីតតារាម៉ូដែល និងម្ចាស់ជ័យលោភីចំណាត់ថ្នាក់លេខ ២ក្នុងកម្មវិធី (Super Model) និងបានមានភព្វវាសនាក្លាយជាភរិយាពេញសិទ្ធរបស់លោកឧកញ៉ាចិត្តធម៌ ហុង ពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មីគ្រុប (ម្ចាស់បុរីពិភពថ្មី និងគ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី) ។

៣ ជំទាវ ផាន់ ម៉ូនីកា
ចូលប្រឡូកក្នុងសិល្បៈ ជាតារាចម្រៀងក្នុងផលិតកម្មសាន់ដេ មិនយូរប៉ុន្មានផង ម្ចាស់បទ «រំចង់ស្រែកែខ្លួន» ផាន់ ម៉ូនីកា បានរៀបអាពាហ៍ជាមួយលោក គង់ សុខម៉េង ដោយក្រោយមកលោក គង់ សុខម៉េង ក៏ត្រូវបានតែងតាំងជាជំនួយការផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង និងមានងារជាឯកឧត្ដម ហើយអតីតតារាមច្រៀងរូបនេះ ក៏ទទួលបានងារជាជំទាវ ជាផ្លូវការតែម្ដង ។

សូមបញ្ជាក់ថា ក្រៅពីលោកជំទាវអតីតតារាសិល្បៈ ៣រូបខាងលើនេះ ក៏មានជំទាវ ពេជ្រ ច័ន្ទបរមី ភរិយាលោកឧត្ដមសេនីយ៍ឯក កែវ វ៉ាន់ថន ជំទាវ ឱក បូរី ភរិយាឯកឧត្ដម ស៊ុត តារា និងជំទាវ ហ៊ឹម ស៊ីវន ភរិយាឯកឧត្ដម ពៅ ម៉ាលី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនក្រសួងសាធារណៈការ និងដឹកជញ្ជូន ផងដែរ ៕
សហការី KBN