ភ្នំពេញ៖ គូស្នេហ៍មួយគូបើករថយន្តតាកូម៉ាមួយគ្រឿង មកឈប់នៅខាងមុខផ្ទះជួលរបស់ខាងស្រី​ ស្រាប់តែមានខ្មាន់កាំភ្លើងបានបើករថយន្តមួយគ្រឿងទៀត មកឈប់ក្បែរហើយ​ដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រាប់ ទៅលើគូស្នេហ៍មួយគូនោះ បណ្តាល​ឱ្យរងរបួសធ្ងន់ទាំង២នាក់ ហើយបើករថយន្តរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលអត់លេខ ខាងលិចផ្សារក្រមួនចម្ងាយប្រហែល២០០ម៉ែត្រ តាមបណ្តោយផ្លូវលេខ១៩៧៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះទី១ មានឈ្មោះ សិង​ វិន​ ភេទ​ស្រី​ អាយុ​ ២៥ឆ្នាំ​ នារីបំរើការនៅក្នុងខារ៉ាអូខេមួយកន្លែង​ ស្នាក់នៅ​ផ្ទះ​ជួល​កើតហេតុខាងលើ។ ទី២មានឈ្មោះ គង់​ វិន​ ភេទ​ប្រុស​ អាយុ ​៣០ឆ្នាំ​ មុខ​របរ​ជំនួញ ស្នាក់នៅ​ម្តុំ​ទួល​សង្កែ​ សង្កាត់ទួលសង្កែ ខណ្ឌ​ឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងនារីរងគ្រោះដែលជាគូសង្សារនឹងគ្នា បានបើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5081 មកឈប់នៅត្រង់ចំណុចកើតហេតុ ដែលជាច្រកចូលបន្ទប់ជួលរបស់នារីជាសង្សារ ដោយបុរសនិងនារីរងគ្រោះដែលជាគូរសង្សារខាងលើមិនបានចុះពីលើរថយន្តនោះទេ។

ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក រ៉េនរ៉ូវ័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងទិសដៅពីលិចទៅកើត ​បានមកឈប់ទន្ទឹមនឹងរថយន្តរបស់ជនរងគ្រោះ រួចបុរសជាខ្មាន់កាំភ្លើងរូបនោះ បានដកខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់ទម្លុះរថយន្តរបស់ជនរងគ្រោះ ហើយបាញ់សំដៅទៅបុរស និងនារីរងគ្រោះខាងលើជាច្រើនគ្រាប់ បណ្តាលឲ្យធ្លុះកញ្ចក់រថយន្តខាងស្តាំ ធ្លាយទៅត្រូវចំនារីរងគ្រោះចំនួនបីគ្រាប់ ត្រូវចំដៃខាងឆ្វេងមួយគ្រាប់ និងចំស្មា​ខាងស្តាំចំនួន ពីរគ្រាប់​ ។

រីឯបុរសរងគ្រោះ រងរបួសចំស្មាខាងស្តាំចំនួនមួយគ្រាប់ និងធ្លាយចេញពីទ្វាររថយន្តខាងឆ្វេង ទៅចំទ្វារផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយគ្រាប់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ចេញមកមើល។

ភ្លាមៗនោះ ខ្មាន់កាំភ្លើងរូបនោះបានបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្ទាប់មកជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវបានប្រជាពលរដ្ឋដឹកតាមរថយន្តតាកូម៉ាខាងលើទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ​

នៅជុំវិញក្នុងករណីបាញ់រះខាងលើនេះ យើងមិនទាន់មានការបញ្ជាក់ពីប្រភពណាមួយបាននោះទេថា បង្កឡើងដោយសារតែមូលហេតុអ្វី។ ចំពោះការសន្និដ្ឋានជំហានដំបូងសង្ស័យស្នេហាត្រី កោណ ។

ក្រោយពេលកើតហេតុ កម្លាំងអាវុធហ្ថតខណ្ឌសែនសុខបានចុះមកដល់ និងបានដើររើសក្បាលគ្រាប់ឃើញចំនួនបីគ្រាប់ បច្ចុប្បន្នកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខបានយកក្បាលគ្រាប់ដែលបន្សល់ទុកពីខ្មាន់កាំភ្លើងទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរកជនដៃដល់ យកមកដាក់ទោសទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕