ខេត្តព្រៃវែង៖ ក្មេងស្ទាវម្នាក់បានទៅចូលរួមក្នុងពិធីមង្គលការកូនរបស់អ្នកភូមិ ហើយផឹកស៊ីស្រវឹង ទាស់សម្ដីគ្នាស្ទុះទៅវាយតប់គូទំនាស់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្បែរផ្ទះការរបស់អ្នកស្រី សួន សុខេន អាយុ៤៧ឆ្នាំ រ់នៅភូមិល្វា ឃុំល្វា ស្រុកព្រះស្ដេច។

មន្ត្រីនគរបាលស្រុកព្រះស្ដេច បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ម៉ូវ សេរីវិត (ហៅ​គុយ) ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ រីឯស្រ្ដីរងគ្រោះ ឈ្មោះ ផាន់ សុថាវី អាយុ៤៤ឆ្នាំ រស់នៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ អ្នកស្រី សួន សុខេន បានរៀបចំពិធីមង្គការកូនរបស់គាត់ ហើយក៏បានអញ្ជើញភ្ញៀវញាតិមិត្តជិតឆ្ងាយឲ្យមកចូលរួមជូនពរជ័យដល់គូស្វាមីភរិយាថ្មោងថ្មី។ ស្របពេលនោះ ជនសង័្សយក៏បានទៅចូលរួម និិង​ផឹកស៊ីស្រវឹង ក៏ទាស់ពាក្យសម្ដីគ្នាជាមួយនឹងស្រ្ដីរងគ្រោះ ស្រាប់តែគេស្ទុះទៅវាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសផ្នែកខាងក្រោមភ្នែកពីចំហៀងខាងឆ្វេង(ហើមជាំ)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំល្វា ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ចាត់ការបន្តតាមច្បាប់៕