យុវជន៥នាក់ ខណៈពេលកំពុងអង្គុយជុំគ្នា ផឹកស្រាតាមចិញ្ចើមផ្លូវ ស្រវឹងស្រឿងៗ ឌឺដងទាស់ពាក្យសម្តីគ្នា ត្រូវក្មេងស្ទាវមួយក្រុមទៀត មានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ទាញខ្សែ​ក្រវ៉ាត់​វាញ​
បណ្តាលឲ្យរងរបួសបែកចិញ្ចើម២នាក់ ម្នាក់២ថ្នេរ និងស្រាល៣នាក់ ក្រោយកើតហេតុរត់គេចខ្លួនបាត់អស់ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

យុវជនរងគ្រោះទាំង៥នាក់ ទី១-ឈ្មោះវិន វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក រងរបួសបែកចិញ្ចើមខាងឆ្វេង មួយខ្សែ​ក្រវាត់ដេរ២ថ្នេរ ទី២-ឈ្មោះភឿន ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក រងរបួសបែកចិញ្ចើមខាងឆ្វេង ដេរ២ថ្នេរ ទី៣-ឈ្មោះអ៊ួន ចិត្តភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រងរបួសស្រាល ទី៤-ផុន ភា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរជាងដែក រងរបួសស្រាល ទី៥-លន សុខអេន ភេទប្រុស អាយុ២១ឆ្នាំ​មុខរបរ ជាងដែករងរបួសស្រាល អ្នកទាំ៥នាក់ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។ រីឯក្រុមក្មេងបង្ក៣នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ក្រោយកើតហេតុរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ ក្រុមយុវជនរងគ្រោះទាំង៥នាក់ បានទិញស្រាថ្នាំ២ទៅ៣លីត្រ មកអង្គុយផឹកជុំគ្នា នៅចិញ្ចើមផ្លូវកើតហេតុ បន្ទាប់ពីផឹកស្រាថ្នាំអស់ ពួកគេបានរៃលុយគ្នា ទៅទិញស្រាបៀរមួយយួរទៀតយកផឹកបន្ត។ ខណៈពេលផឹកស្រាបៀរ មិនទាន់អស់ផង ក៏មានក្មេងស្ទាវមួយក្រុម មានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងមកឈប់ក្បែរ កន្លែងពួកគេអង្គុយផឹកនោះ ​​ក៏មានការឌឺដងគ្នា ទាស់ពាក្យសម្តីគ្នា ក្រុមក្មេងបង្កបានស្ទុះដកខ្សែក្រវ៉ាត់ ដេញវាយក្បាល បណ្តាលឲ្យរងរបួសបែកចិញ្ចើម២នាក់ ដេរម្នាក់២ថ្នេរនិង៣នាក់ទៀត រងរបួសស្រាល ។ ចំណែកក្រុមក្មេងបង្ក រត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុជន រងគ្រោះទាំង៥នាក់ បានរត់ទៅប្តឹងនៅសមត្ថកិច្ច ប៉ុស្តិ៍ទួលសង្កែ២ ឲ្យជួយអនរាគមន៍ដើម្បីស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កមកចាត់ការទៅតាមផ្លូវច្បាប់៕