ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកច្រើននាក់ ជាប់ចំណាត់ថ្នាក់ ខាងដើរឆបោក យកស្រាបៀរតាមដេប៉ូ ហើយកន្លងមក មាន​អ្នកចាញ់បោកក៏ច្រើននាក់ ច្រើនដងមកហើយដែរ ទើបតែលើកនេះ ជនសង្ស័យប្រើស្ទីលចាស់ដដែល តែត្រូវបានអស់លក្ខណ៍ ខាងដេប៉ូចាប់ខ្លួនបាន កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់​ចោម​​ចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យជំនាញខាងដើរឆបោកស្រាបៀរ និងទំនិញតាមដេប៉ូ មានឈ្មោះ ភឿន ណាលិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដើរឆបោក ស្នាក់​នៅផ្ទះជួលភូមិចំការឪឡឹក២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែកដើមបណ្តឹង តំណាងឲ្យខាងដេប៉ូចែកចាយ មានឈ្មោះ មាស នាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ ឲ្យដេប៉ូចែកចាយទំនិញ ស្នាក់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

តាមជនរងគ្រោះបានឲ្យដឹងថា កន្លងមកនៅក្នុងអំឡុងខែមករា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានទៅកុម្មង់ទិញស្រាបៀរABC ចំនួន​២៣កេស ឲ្យដឹកមកដាក់នៅម្តុំផ្សារចោមចៅ ដើរដាក់តាមផ្ទះអ្នកលក់ លុះដល់អស់ស្រាបៀរពីរុឺម៉កម៉ូតូ ដល់ទូទាត់លុយ ស្រាប់តែជនសង្ស័យគេចខ្លួនបាត់ ហើយទៅរកមើលស្រាបៀរ ដែលដាក់រួចហើយនោះ ក៏បាត់អស់ដែរ សាកសួរទៅម្ចាស់ផ្ទះអ្នកលក់ គេមិនដឹង ទើបដឹងថាឆបោក គិតជាទឹកប្រាក់អស់ចំនួន៦១១,៨ដុល្លារ។

លុះមកដល់ល្ងាចថ្ងៃទី២៤ ខែកុម្ភៈនេះ ជនសង្ស័យ បានទៅកុម្មង់ស្រាបៀរ ABC ចំនួន១៥កេស ស្រាបៀរកម្ពុជាមានរង្វាន់ ចំនួន២០កេស ទឹក​វីតាល់៥កេស ក្រដាស់ចំនួន៨ដុំ សរុបគិតជាទឹកប្រាក់អស់ ៦៧១,៩០ដុល្លារ មានវិក្កយបត្រ ហើយជនសង្ស័យគ្រាន់តែចូល ទៅកុម្ម៉ង់នៅ​ដេប៉ូចែកចាយភ្លាម ត្រូវបានគេស្គាល់មុខ ស្គាល់ភិនភាគ ហើយគេតាមដានយ៉ាងល្អិតល្អន់ លុះពេលដែលជនសង្ស័យ ឲ្យដឹកមកដាក់នៅផ្សារចោមចៅដល់ហើយឲ្យទម្លាក់ តាមមុខផ្ទះអ្នកលក់ មិនខុសពីលើកមុនៗឡើយ ដឹងល្បិចហើយ អ្នកដឹកមិនទម្លាក់ដាក់ឲ្យទេ តែប្រាប់​ថា ដាក់រួចហើយ ដល់ទាមទារឲ្យទូទាត់លុយ ជនសង្ស័យប្រើល្បិច រង់ចាំដាក់ឲ្យអស់សិន ជនរងគ្រោះមិនដាក់ ហើយក៏ឃាត់នាំខ្លួន​ជនឆបោករូបនេះយកទៅប្រគល់ឲ្យប៉ុស្តិ៍ប៉ូលិស ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាឆបោកពិតប្រាកដមែន ប្រើតាមរូបភាពចាស់ ឲ្យដឹកដើរទម្លាក់តាមផ្ទះគេ ថាជាកន្លែងលក់របស់ខ្លួន ហើយមានបក្សពួកជាអ្នកដើរប្រមូល ជញ្ជូនតាមក្រោយ។ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿង ផ្អែកទៅតាមបណ្តឹង ដើម្បីបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌចាត់ការបន្ត ទៅតាមនីតិវិធី ៕