ភ្នំពេញ៖ នារីរកស៊ីផ្លូវភេទនៅវត្តភ្នំម្នាក់ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ប៉ងលោតទឹកពីលើស្ពានជ្រោយចង្វារថ្មី សម្លាប់ខ្លួនបញ្ចប់ជីវិត តែសមត្ថកិច្ចបានឃើញទាន់ពេលវេលា។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

នារីដែលប៉ុនប៉ង លោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនសម្រេចនេះ មានឈ្មោះហូ សុភ័ក្រ អាយុ២៣ឆ្នាំ មុខរបរជាអ្នកបំរើសេវាផ្លូវភេទ ម្តុំវត្តភ្នំ ខណ្ឌដូនពេញ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិស្វាយប៉ាក ឃុំរំដោះស្រុករវៀង ខេត្តព្រះវិហារ។ បើតាមសំដីនាង បានឲ្យដឹងថា នាងជួបវិបត្តផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ គឺកាលពីនាងមានអាយុ១២ឆ្នាំ នាងត្រូបានឪពុកបង្កើត ចាប់រំលោភរហូតដល់ទៅ៥ដង ហើយនាងបានរៀបរាប់ ប្រាប់ម្តាយហើយ តែម្តាយរបស់នាង មិនជឿសំដីនាងឡើយ ថែមទាំងស្តីបន្ទោសឲ្យនាង ខណៈដែលនាង មានអាយុត្រឹម១២ឆ្នាំ។

ដោយសារខូចចិត្ត ក្រុមគ្រួសារ មិនជឿសំដីនាងដូច្នេះហើយ ទើបនៅអាយុ១៣ឆ្នាំ នាងបានចាកចេញពីផ្ទះ នៅស្រុកកំណើត មករស់នៅតែម្នាក់ឯង ខ្លួនទីពឹងខ្លួន ដោយគ្មានទីពឹងពុំនាក់ស្នាក់អាស្រ័យ ហើយក្រោយមក នាងក៏សម្រេចចិត្ត ធ្វើជានារីបំរើសេវាផ្លូវភេទ នៅម្តុំវត្តភ្នំ ដើម្បីចិញ្ចឹមក្រពះ។

នាងបានបន្តថា នាងហ៊ានទៅដេកជាមួយភ្ញៀវ តែពេលថ្ងៃទេ ពេលយប់នាងមិនទៅទេ ព្រោះខ្លាចភ្ញៀវធ្វើបាប ទើបនាងមានការខ្វះខាត គ្មានលុយទិញបាយហូប និងជួលផ្ទះស្នាក់នៅ ដោយដេកលើបង់តាមសួនច្បារ ក្បែរៗវត្តភ្នំ ក្រោយមកក៏បានជួបបុរសពីរនាក់ បាននាំនាងយកទៅដេកផ្ទះសំណាក់ ជាបន្តបន្ទាប់ ហើយបានសន្យាថា ជួលផ្ទះឲ្យនាងស្នាក់នៅ និងផ្តល់ប្រាក់ ជារាងរាល់ខែ តែដល់ពេលដល់ខែ មិនដែលឲ្យលុយនាងទេ ហើយក៏បានផ្តាច់ទំនាក់ទំនងគ្នា ជាបន្តបន្ទាប់មក។

នាងបានបន្តរាបរាប់ ទាំងទឹកភ្នែកឲ្យដឹងទៀតថា រយៈពេលចុងក្រោយថ្មីៗនេះ មានបុរសចំណាស់ម្នាក់ បានហៅនាងទៅដេក នៅផ្ទះសំណាក់ បន្ទាប់ពីរួមរ័ក្សហើយ បុរសនោះបានលួងលោមរូបនាង សុំឲ្យនាងធ្វើជាប្រពន្ធចុងរបស់គាត់ ហើយដោយសារនាងគ្មានទីពឹង និងជួបការខ្វះលុយកាក់ផងនោះ នាងក៏យល់ព្រមជាមួយបុរសនោះ ហើយបុរសនោះ ក៏បានសន្យាជាមួយនាង ថា២០ថ្ងៃជួបនាងម្តង ព្រមទាំងចេញថ្លៃ ការហូបចុកទាំងស្រុង។

លុះដល់ថ្ងៃជួប បុរសនោះបានឲ្យលុយចំនួន២មុឺនរៀលទៅនាង តាំងពីថ្ងៃនោះមក ធ្វើឲ្យនាងខូចចិត្ត និងអស់សង្ឃឹមក្នុងជីវិត ដោយជួបបុរសបោកប្រាស់នាង ជាបន្តបន្ទាប់ចំនួនបីហើយ ហើយដោយនាងមានជំងឺតេតាណុះ ប្រចាំកាយផងនោះ ទើបធ្វើឲ្យនាងអស់ផ្លូវជ្រើសរើស ក៏សម្រចចិត្តប៉ងធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែត្រូវសមត្ថកិច្ចឈរជើង នៅគោលដៅលើស្ពានឃើញទាន់ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍ស្រះចកធ្វើការអប់រំ ត្រឡប់មកធ្វើការងារវិញ៕