ខេត្ត​ពោធិ៍សាត់​៖​ បុរសមានចិត្តឃោរឃៅម្នាក់បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ហើយរត់គេចខ្លួនចេញពីខេត្តកោះកុង ទៅសំងំលាក់ខ្ួល​បានរយៈពេល១០ថ្ងៃ ក៏អស់លាក់ត្រូវមត្ថកិច្ចឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ក្នុង​ភូមិ​ឆាយ​លូក​ ឃុំ​​អូរ​​សោម​ ស្រុក​វាល​វែង​។

លោក​វរសេនីយ៍ទោ​ ធាង​ ឡេ​ង​ អធិការ​ស្រុក​វាល​វែង​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់ប្រពន្ធរបស់​ខ្លួន ហើយត្រូវសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអូរសោមឃាត់ខ្លួននោះ ឈ្មោះ​ សេង​ វិបុល​ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ រស់នៅ​​ភូមិ​ស្មាច់​មាន​ជ័យ​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​។

លោកអធិការនគរបាលស្រុកវាលវែង បន្តថា កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ មានករណី​បាញ់សម្លាប់ស្រ្ដីម្នាក់ នៅក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយករណីនេះបានបង្កឡើង ដោយ​បុរសជាប្ដី។ បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធរួចហើយ ជនសង័្សយក៏បានរត់គេចចេញពីភូមិឋានរបស់គេរស់នៅ ហើយនៅសំងំលាក់ខ្លួន​ នៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកអធិការនគរបាលដដែល បានបន្តថា ក្រោយមក សមត្ថកិច្ចខេត្តកោះកុងបានទាក់ទងមកលោកឧត្តមសេនីយ៍ទោ​ សា​រុន​ ចាន់​ធី​ ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ និង​នគរបាល​ស្រុក​វាល​វែង ​ចុះ​​ស្រាវជ្រាវ​ ក៏ដឹងពីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ​ ទើបចុះទៅ​ចាប់ខ្លួន​តែ​ម្តង​។​

ក្រោយ​ពេល​ចាប់ខ្លួន​ សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​បានធ្វើកំណត់ហេតុប្រគល់​ជនសង័្សយទៅឱ្យ​សមត្ថកិច្ច​នគរបាល​ខេត្តកោះកុង​​នៅ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈនេះ​ ដើម្បី​នាំទៅចាត់ការ​តាម​ច្បាប់៕