ភ្នំពេញ ៖ ព្រះសង្ឃមួយអង្គ សង្ស័យប្រើប្រាស់ថ្នាំញៀន ដល់កម្រឹតរហូតដល់បែក រត់ រាំ បញ្ចេញក្បាច់គុណ នៅលើស្តូក ចម្លាក់សួនរង្វង់មូលចោមចៅ ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច អាជ្ញាធរដេញចាប់ រត់ពេញសួន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទៅ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយត្រូវបាននាំទៅកាន់វត្តជម្ពូវ័ន ដើម្បីឲ្យអនុគុណ ចាត់វិធានការ តាមវិន័យសង្ឃ ។

ព្រះសង្ឃខាងលើ ព្រះនាម ឌួង វណ្ឌី ព្រះជន្ន២១ ព្រះវស្សា បួសរៀនជាសង្ឃ នៅខាងខេត្តបាត់ដំបង ទើបតែវិលមកគង់នៅ វត្តក្រាំងធ្នង់ ចេញចូលភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្នុងរយៈពេល៤សប្តាហ៍មកហើយ ។

តាមសង្ឃដីកា បានឲ្យដឹងថា សង្ឃខាងលើ បានបួសរៀន ជាសង្ឃរយៈពេល៦ខែមកហើយ នៅខាងខេត្តបាត់ដំបង ហើយប្រើប្រាស់ថ្នាំញៀន តាំងពីពេលនោះមក រហូតដល់ចាកចេញពីវត្ត មកទីក្រុងភ្នំពេញ រយៈពេល១ខែនេះ គង់ស្នាក់នៅជាបណ្តោះអាសន្ននៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញព្រះសង្ឃមួយអង្គ និមន្តមកដល់សួនច្បារ រង្វង់មូលចោមចៅ ដើរបិណ្ឌបាត រួចបែជាដោះស្បង់ជីវរចេញ ស្លៀកតែសំពត់ងូត ហក់ឡើងទៅលើស្តូបចម្លាក់ រាំបញ្ចេញក្បាច់គុណ បង្កឲ្យភ្ញាក់ផ្អើលអ្នកដំណើរ ឆ្ងល់គ្រប់ៗគ្នា ។ ហេតុការណ៍ព្រះសង្ឃខាងលើ កើតឡើងភ្លាមៗ ត្រូវបានគេរាយការណ៍ទៅខាងអាជ្ញាធរ សមត្ថកិច្ច ដើម្បីចាត់វិធានការ ជៀសវាងបង្កផលប៉ះពាល់ដល់ព្រះសង្ឃ ដែលប្រកាន់ខ្ជាប់នូវ ធម៌វិន័យ ក្នុងព្រះពុទ្ធសាសនា ទើបកម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ សង្កាត់ចោមចៅ៣ រួមជាមួយកម្លាំងនគរបាលក្រុង ប្រចាំគោលដៅរង្វង់មូល នាំគ្នាព័ទ្ធដេញចាប់ ទម្រាំឃាត់ព្រះសង្ឃខាងលើបាន ប្រើប្រាស់កម្លាំងជាច្រើននាក់ ហើយក្នុងប្រតិបត្តិការខាងលើ ត្រូវបានសង្ឃខាងលើ តដៃជាមួយកម្លាំងផងដែរ ទោះជាយ៉ាងណាក្តី ឡោមព័ទ្ធ រហូតដល់ចាប់បាន នាំយកទៅសាលាសង្កាត់ចោមចៅ៣ និងបន្តទៅកាន់វត្តជម្ពូវ័ន ដើម្បីឲ្យអនុគុណ គង់ប្រចាំទីនោះ ចាត់វិធានការទៅតាម វិន័យសង្ឃ ។

តាមការិយាល័យធម្មការ ខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ក្រោយពីឃាត់ នាំព្រះសង្ឃមួយអង្គខាងលើ ដែលមានអាការៈ សង្ស័យបែកថ្នាំ ក្រោយពីធ្វើសកម្មភាព ប្រាសចាកពីធម៌វិន័យ ខ្លួនជាសង្ឃ បង្កឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សង្ឃដទៃ ទើបមន្រ្តីធម្មការ សម្រេចនាំសង្ឃខាងលើទៅកាន់វត្តជម្ពូវ័ន ដើម្បីឲ្យអនុគុណ ចាត់វិធានការ ទំនាក់ទំនងទៅខាង វត្តដែលសង្ឃរូបនេះ បួសរៀន គង់នៅ មកទទួលនាំទៅវត្តដើមវិញ ជៀសវាង និមន្តដើរ បង្កបញ្ហា ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ពិសេសក្នុងជួរជាព្រះសង្ឃ ៕