ជនសង្ស័យម្នាក់ ​ប្រដាប់​ដោយកាំភ្លើងខ្លី ចំនួន១ដើម បន្លំចូលផឹកកាហ្វេ​ក្នុងហាង ឃើញ​ឱកាសល្អ បានដកកាំភ្លើងភ្ជង់ប្លន់យកលុយពីនារីម្នាក់ អស់២០ម៉ឺនរៀល ទូរស័ព្ទមួយគ្រឿង និងម៉ូតូមួយ​គ្រឿង យកទៅបាត់ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចហាង Wring café ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះមានឈ្មោះគុណ ស្រីលក្ខណ៍ ភេទស្រី អាយុ16ឆ្នាំ ​មុខរបរ​បុគ្គលិកលក់កាហ្វេ ​និងម្នាក់ទៀត មានឈ្មោះ គុណ ស្រីលីម ភេទស្រី អាយុ17ឆ្នាំ ជាបុគ្គលិក ស្នាក់នៅក្នុងហាង កើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះទាំង២នាក់ បានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់ហាងមានឈ្មោះលឹម ខេងហួរ ភេទស្រី អាយុ39ឆ្នាំ គាត់មិនបាននៅហាងនោះទេ មានតែគាត់២នាក់ជាបុគ្គលិក និងម្តាយម្ចាស់ហាង​នៅក្នុងហាង ដែលរៀបចំនឹងបិទហាងទៅហើយ មានបុរសម្នាក់ជាជនសង្ស័យ ​ដែលបន្លំធ្វើជាភ្ញៀវ មកអង្គុយផឹកកាហ្វេ​ មិនដឹងថាជនសង្ស័យនោះទេ មានលាក់កាំភ្លើងនៅចង្កេះ​ ខណៈពេលផឹកកាហ្វេ បានមួយសន្ទុះក្រោយមក ជនសង្ស័យក៏បានខ្ចីទូរស័ព្ទគាត់ យកទៅតេ រួចហើយបានអោយវិញ។

បន្ទាប់ពីហុចទូរស័ព្ទឲ្យគាត់វិញ ស្រាប់តែពេលជនសង្ស័យ​ បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក ចេញពីចង្កេះហើយគំរាមបាញ់សម្លាប់ ​​បើហ៊ានស្រែក រួចហើយជនសង្ស័យ លួចយកលុយចំនួន២០ម៉ឺនរៀល ពីក្នុងកេះតុគិតលុយ ទូរស័ព្ទដៃមួយគ្រឿង ម៉ាកសាំងសុង និងយកសោ​ម៉ូតូ យកទៅចាក់ម៉ូតូរបស់ថៅកែហាង ដែលចតទុកមុខហាង ម៉ាកSH ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GJ8157 ជិះចេញទៅ ប៉ុន្តែដេរអត់ឆេះ ជនរងគ្រោះជាបុគ្គលិក ទាំង២នាក់នោះ ក៏បានរត់ចេញទៅទាញ ដកសោម៉ូតូវិញដែរ ប៉ុន្តែដកមិនទាន់ ត្រូវជនសង្ស័យបញ្ឆេះម៉ូតូបាន ជិះទៅបាត់ ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុ ម្ចាស់ហាង​បានយក រូបកាមេរ៉ាសុវត្ថិភាព ក្នុងហាងទៅដាក់ពាក្យ​បណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីអោយសមត្ថកិច្ច តាមស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕