ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋមួយគ្រួសារកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន ក៏ត្រូវជនដៃដល់លួចគប់គ្រាប់បែក បណ្ដាលឲ្យផ្ទុះរងរបួសចំនួន២នាក់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។

មន្ត្រីនគរបាលស្រុត្រពាំងប្រាសាទ បានឲ្យដឹងថា ជនរងគ្រោះ នៅក្នុងអំពើគប់គ្រាប់បែកនោះ ឈ្មោះ ឌី ភិច អាយុ៥៥ និងប្រពន្ធ ឈ្មោះ ជួន ឈុន អាយុ៤៥ឆ្នាំ រងរបួសស្រាល ដាច់រលាត់ត្រង់កជើង ថ្ងាស និង គល់ភ្លៅខាងឆ្វេង ហើយពួកគេទាំង២នាក់ប្ដីប្រពន្ធ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតមាននូវករណីគប់គ្រាប់បែកប៉ុនប៉ងសម្លាប់មនុស្សនោះ គឺជនរងគ្រោះបានបានចូលទៅដេក នៅក្នុងផ្ទះរបស់ពួកគាត់។ លុះមកដល់វេលាខាងលើ ស្រាប់តែជនដៃដល់បានគប់គ្រាប់បែកទៅលើផ្ទះរបស់ពួកគាត់ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីទទួលបាននូវព័ត៍មានបែបនេះភ្លាម លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្ត ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញខេត្ត និងស្រុកចុះទៅស៊ើបអង្កេត និងិស្រាវជ្រាវនៅកន្លែងកើតហេតុ ដោយរកឃើញបំណែកគ្រាប់បែកច្នៃកំប៉ុងជាច្រើនបំណែក។ ឆ្លងតាមការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជុំវិញកន្លែងកើតហេតុ មន្រ្ដីជំនាញ និងការបំភ្លឺពីក្រុមគ្រួសាររបស់ជនរងគ្រោះរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះគឺជារឿងគំនុំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញារបស់ជនដៃដល់៕