ភ្នំពេញ៖ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ សួង ម៉ៃសាន់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ របួសពកក្បាលពីមុខសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ បានដាក់ពាក្យបណ្ដឹងទៅលេីជនសង្ស័យបង្កហិង្សា បណ្ដាលឱ្យគាត់តរបួស និងគំរាមកំហែង សូមឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យឈ្មោះ ថាច់ រី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុបានឆ្លេីយសារភាពថា ដោយគាត់បានយកកូនកាំបិតចុងស្រួច ទៅគំរាមយុវជនរងគ្រោះពិតប្រាកដមែន តែមិនបានចាក់ទេ ដោយសារខឹងយុវជនលបលួចមើល ប្ដីប្រពន្ធគាត់រួមភេទ ប្រហែលជាង ២ខែមុន តែទេីបយប់មិញនេះ មានគេប្រាប់ ហេីយក៏ទៅសួរយុវជននោះដោយរស់នៅក្បែរជិតខាងគ្នាដែរ តែទៅសួរបែរជាយុវជនរត់ឡេីងលេីផ្ទះ រួចដេញតាម ស្រាប់តែយុវជននោះលោតពីលើផ្ទះ បណ្ដាលឱ្យរបួសខ្លួនឯងនោះទេ តែគាត់ទទួលស្គាល់ថា យកកូនកាំបិតកាន់នៅដៃគំរាមពិតមែន ។

សមត្ថកិច្ចនគរបាលបានប្រាប់ថា ម៉ោង១៨និង៣០នាទី ជនរងគ្រោះដើរកាត់មុខផ្ទះជនសង្ស័យ(ចំណុចកើតហេតុ) រួចជនសង្ស័យហៅជនរងគ្រោះសួរនាំរឿងកាលពីថ្ងៃមុនថា ជនរងគ្រោះបានលួចមើលជនសង្ស័យរួមរ័ក្សជាមួយប្រពន្ធមែនទេ ? តែជនរងគ្រោះឆ្លើយថា ពុំបានលួចមើលទេ ជនសង្ស័យក៏ចាប់ទាញជនរងគ្រោះឡើងទៅលើផ្ទះឈើរបស់ខ្លួនកម្ពស់ ២ម៉ែត្រ ហើយចាប់គ្រៀកកយកកូនកាំបិតភ្ជង់គម្រាមជនរងគ្រោះ ឱ្យឆ្លើយសារភាព ។

ពេលនោះ ជនរងគ្រោះនៅតែឆ្លើយបដិសេធ ក៏មានការប្រតាយប្រតប់គ្នា ស្រាប់តែជនសង្ស័យច្រានជនរងគ្រោះទម្លាក់ពីលើផ្ទះមកដី បោកចំថ្ងាសពក បណ្តាលឱ្យសន្លប់បាត់ស្មារតី ក៏មានអ្នកជិតខាងមកជួយ និងទាក់ទងប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរ។

ចំពោះកូនកាំបិត ជនសង្ស័យបានបោះចោលបាត់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ហេីយសូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ថាច់ រី ប្រើប្រាស់គ្រឿងញៀនរយៈពេល ០១ឆ្នាំមកហេីយ ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួច និងកសាងសំណុំរឿងបញ្ជូលទៅអធិការខណ្ឌដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ពីបទបង្កហិង្សាមានស្ថានទម្ងន់ទោស ៕