ខេត្តកណ្តាល៖ ព្រះសង្ឃមួយអង្គ មានតួនាទីជាព្រះ​គ្រូសូត្រស្តាំ និង​ជា​សម​ណនិ​ស្សិ​ត នៃ​សាលា​ភូមិ​ម​ន្ទ​រដ្ឋបាល និង​ត្រូវជា​ក្មួយបង្កើត​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្វាយ​ជ្រំ និងជាអនុ​គណ​ស្រុក​ខ្សាច់កណ្តាល បានរងនូវការចោទប្រកាន់ពីនារីវ័យក្មេងម្នាក់ថា ព្រះអង្គជាព្រះសង្ឃបារាជិក បានលួងលោមនាងនាំទៅសេពមេថុនធម្ម (រួមភេទ) ហើយមិនទទួលខុសត្រូវ ទើបនឹងប្ដឹងទៅកាន់សាលាដំបូង ដើម្បីសុំឲ្យតុលាការ ជួយរកយុត្តិធម៌ឲ្យនាង។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ព្រះសង្ឃមួយអង្គ ដែលរងនូវការចោទប្រកាន់ថា បារាជិកចាប់នារីរងគ្រោះសេពមេថុនធម្ម (រួមភេទពាក្យសម្រាប់ព្រះសង្ឃ)នោះ មាន​ព្រះ​នាម លន់ សុវណ្ណ​ដា មានតួនាទីជាគ្រូសូត្រស្ដាំ និងជាសមណនិស្សិត នៃសាលាភូមិន្ទរដ្ឋបាល ហើយសព្វថ្ងៃគង់នៅវត្តស្វាយជ្រំ ស្ថិតក្នុងភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ រីឯ​នារីដែលអះអាងថាជាជនរងគ្រោះ និងជាដើមបណ្តឹងនោះ ​ឈ្មោះ ប រ អាយុ​១៩​ឆ្នាំ មាន​លំនៅ​ស្រុកខ្សាច់កណ្ដាល។

បើ​តាមសម្ដីរបស់​នារី​រង​គ្រោះ ​បានឲ្យដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៣ ខណៈនាងទើបនឹង​មាន​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៃ​អនុ​វិទ្យាល័យ​ស្វាយ​ជ្រំ ត្រូវ​បាន​ព្រះ​គ្រូសូត្រស្តាំ​ព្រះ​នាម លន់ សុវណ្ណ​ដា បាន​ប្រើ​នាង​ឲ្យ​ទៅ​ទិញ​បបរមកព្រះគេនព្រះអង្គ​ឆាន់។ បន្ទាប់​ពី​ឆាន់​បបរ​រួច សង្ឃ​កំហួច​អង្គ​នោះ​ បាន​បិទទ្វារ​បន្ទប់កុដិរបស់ព្រះអង្គ​ជិត ហើយបាន​លួងលោម និងចាប់នាងសេ​ពមេថុនធម្ម រហូតបានសម្រេច នៅក្នុងកុដិនោះ។ បន្ទាប់មកព្រះសង្ឃបារាជិកអង្គនោះ ក៏បានលួងលោមដោយប្រើសម្ដីដ៏ផ្អែមល្ហែម​ដាក់​នាង​ កុំ​ឲ្យ​នាង​យករឿងអាស្រូវទាំងនោះ​ប្រាប់​គេឯង ដោយព្រះអង្គសន្យាថា នៅពេលលាចាកសិក្ខាបទ (សឹក) ព្រះអង្គនឹង​ចូល​ស្តីដណ្តឹង​នាង​រៀប​ការ តាមប្រពៃណីយកគ្នាធ្វើជាប្ដីប្រពន្ធ។

នារីរងគ្រោះ បានបន្តថា ដោយសារសម្ដីដ៏ផ្អែមល្ហែមបែបនេះ បានធ្វើឲ្យនាងទន់ចិត្ត និងបានប្រកាន់ទោសអូសដំណើរ ដោយនឹកនៅក្នុងចិត្តថា បើអង្ករក្លាយជាបាយទៅហើយ ហើយព្រះអង្គទទួលខុសត្រូវរឿងហ្នឹង ទើបនាងសុខចិត្តសំងំនៅស្ងៀម។ ចាប់តាំងពីពេលនោះ ​ទំនាក់​ទំនង​ស្នេហា​ រវាងនាង និងសង្ឃទ្រុស្ដសីលអង្គនោះ បានក៏ចេះតែបន្ដសេពមេថុនធម្មនឹងគ្នារហូតមក ដោយអូសបន្លាយរយៈពេល៥ឆ្នាំ។ លុះមកដល់អំឡុងឆ្នាំ២០១៥ នាងក៏មានផ្ទៃពោះ ហើយត្រូវកំពូលស្នេហ៍របស់នាងបានឲ្យនាងមករំលូតកូនចេញ នៅក្នុងរាជធានីភ្នំពេញ។

នារីរងគ្រោះ បានបន្តថា បើទោះជាយ៉ាងនេះក្ដី ក៏ទំនាក់ទំនងស្នេហា រវាង​​នាង និង​ព្រះ​គ្រួ​សូត្រ​ស្តាំ​អង្គ​នោះ នៅតែមានភាពស្អិតល្មួ​ត​នឹងគ្នា ហើយរាល់ពេលយប់ថ្ងៃ នាង និងព្រះគ្រូសូត្រស្ដាំអង្គនេះ បានឆាត​​ហ្វេ​ស​ប៊ុ​ក​ជាមួយ​គ្នា​​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​នាង​ដកខ្លួន​មិន​រួច ហើយ​ចេះ​តែ​ណាត់ជួប និង​ដេក​នៅ​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​រហូត​រាប់រយ​ដង។

នារីរងគ្រោះដដែលបានបន្តថា ដោយសារតែលង់នឹងសម្ដី និងបានខ្លួនប្រាណនាងរាប់រយដង ធ្វើឲ្យនាងចេះតែទន្ទឹងរង់ចាំឲ្យព្រះអង្គសិឹក ប៉ុន្តែ​ព្រះ​គ្រូសូត្រស្តាំ​អង្គ​នោះ នៅ​តែ​មិន​ព្រម​សឹក​ចូល​ស្តីដណ្ដឹង​នាង​ឡើយ។ លុះចូលមកដល់ក្នុង​អំឡុង​ឆ្នាំ​២០១៧-២០១៨ ស្នេហា​លួចលាក់​ រវាង​នាង និង​ព្រះ​គ្រូសូត្រស្តាំអង្គ​នោះ ចេះ​តែ​មានរឿង​រកាំរ​កូស​រហូត​ ដោយសារ​ព្រះសង្ឃ​អង្គ​នោះ​ ចេះតែ​ភូ​ត​រហូត ដោយឲ្យនាងទន្ទឹងរង់ចាំ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ថា ចូល​ដណ្តឹង​នាង។

នារីរងគ្រោះដដែល បានបន្តថា បន្ទាប់ពីរង់ចាំអស់រយៈពេល៥ឆ្នាំរួចមក ខ្លួនប្រាណរបស់នាងក៏បានប្រគល់ឲ្យសព្វបែបយ៉ាងទៅព្រះគ្រូ​សូត្រស្ដាំអង្គនោះអស់ហើយ ស្រាប់តែមួយរយៈពេលចុងក្រោយនេះ បែរជានាងចុច​ទូរស័ព្ទ​ចូល ​ក៏​លែង​លើក​លេខ​នាង​ ដោយ​បម្រុង​ដោះដៃ​មិន​ទទួលខុសត្រូវ។ ដោយសារតែបញ្ហានេះបានធ្វើ​ឲ្យ​នាង​ឈឺចាប់ រហូត​ទ្រាំ​លែង​បាន ​ក៏​សម្រេចចិត្ត​ទម្លាយ​រឿង​នេះ​ ប្រាប់​អ្នក​សារ​ព័​ត៏​មាន និង​​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្តកណ្តាល ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​នាង និង​ដើម្បី​កុំ​ឲ្យ​ព្រះសង្ឃបារាជិកអង្គ​នេះ ​ធ្វើបាប​នារី​ផ្សេងបន្តទៀត​ដូច​ជា​រូប​នាង។

ទោះជាយ៉ាងណាេ ទាក់ទិននឹងការលើកឡើងខាងលើនេះ KBN មិនអាចទាក់ទងសុំការបំភ្លឺពីព្រះគ្រូសូត្រស្ដាំ លន់ សុវណ្ណ​ដា បានទេ នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ដោយឡែក ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្វាយ​ជ្រំ ព្រះ​នាម លន់ សុ​គ​ន្ធា និង​ជា​អនុ​គណ​ស្រុក​ខ្សាច់កណ្តាល បាន​មានថេរដីកា​ថា ​រឿងនេះ​មិន​ពិត​ទេ ពីព្រោះខាង​ស្រី​ចង់បាន​លុយ និង​បង្ខូចកិត្តិយកឈ្មោះ​ព្រះសង្ឃ៕