ខេត្តព្រៃវែង៖ យុវជន២នាក់បានប្រើល្បិចបោកបញ្ឆោតស្រ្ដីកោសជប់ម្នាក់ឲ្យទៅកោសខ្យល់ពួកគេ លុះពេលនាងទៅដល់កន្លែងស្ងាត់ ក៏ចាប់រំលោភ​បូកបានសម្រេចម្នាក់ម្ដង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​វាលស្រែចម្ងាយប្រហែល៤០០ម៉ែត្រ ពីខាងកើតភូមិព្រៃទ័ព ឃុំព្រះស្តេច ស្រុកព្រះស្ដេច។

មន្ត្រីនគរបាលស្រុកព្រះស្ដេច បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ(រំលោភបូក)ខាងលើ ទី១-ឈ្មោះ សេន ចយ អាយុ២៥ឆ្នាំ(រត់គេចខ្លួនបាត់) រស់នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី២-ឈ្មោះ ចក់ ស៊ីថា អាយុ២០ឆ្នាំ (ឃាត់ខ្លួន) រស់នៅភូមិកំពង់សំរឹទ្ធ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយពួកគេទាំង២នាក់ មានមុខរបរជាអ្នកបើកបរគ្រឿងចក្រ។ រីឯស្រ្ដីរងគ្រោះ ឈ្មោះ ជាម ជីវ័ន្ត អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទ័ព ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើតាមសម្ដីរបស់ស្ដី្ររងគ្រោះ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើចាប់រំលោភសេពសន្ថវៈនោះ ជនសង័្សយទាំង២នាក់ខាងលើ បានតាមហៅនាងឲ្យទៅកោសខ្យល់ឲ្យ ដោយប្រាប់ថា ពួកគេមានអាការវិលមុខ ហើយចង់ឲ្យនាងកោសខ្យល់ឲ្យ។ លុះពេលនាងដើរទៅដល់កន្លែងដែលពួកគេស្នាក់នៅ ស្រាប់តែពួកគេចាប់នាងរំលោភសេពសន្ថវៈ រហូតបានសម្រេចម្នាក់ម្ដង។ បន្ទាប់មកនាងបានប្ដឹងទៅសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ឲ្យនាង។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយបានម្នាក់(ឈ្មោះ ចក់ ស៊ីថា) ហើយនាំទៅកាន់ប៉ុស្ដិ៍នគរបាលឃុំព្រះស្ដេច ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ត។ ដោយឡែកជនសង័្សយ ឈ្មោះ សេន ចយ បានគេចខ្លួនបាត់ ហើយនៅពេលនេះ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន៕