ក្មេងស្រីអាយុទើប១៣ឆ្នាំម្នាក់ ធាក់កង់ស្រែកទ្រហោយំ ក្នុងគោលបំណង ដើរស្វែងរកឪពុករបស់នាង ក្រោយពីម្តាយចិត្តអប្រិយ តែងតែវាយធ្វើបាបកូនស្រី បង្ខំឲ្យធ្វើការងារ ស្មើនឹងមនុស្សចាស់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅឈរយំសម្រក់ទឹកភ្នែក បង្កឲ្យភ្ញាក់ផ្អើល ទាំងក្តីអាណិត មានតែឌុបជូនទៅ ប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង ៤និង៤០នាទីល្ថាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ សាកសួរដឹងសព្វរឿង ទើបនគរបាល ប៉ុស្តិ៍គោកឃ្លាង ខណ្ឌសែនសុខ មកជួយទទួលយក នាំទៅសាកសួរ ជួយអន្តរាគមន៍ នឹងស្រាវជ្រាវ ហៅម្តាយចិត្តខ្មៅ មកអប់រំ កិច្ចសន្យា ទទួលយកកូនស្រីទៅវិញ នៅយប់ថ្ងៃដដែល។

ក្មេងស្រីខាងលើ ឈ្មោះ ហុង រក្សា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤ សាលាបឋមសិក្សាសុភមង្គល មានទីលំនៅ ភូមិដីថ្មី សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ មានម្តាយ ឈ្មោះ ប៉ែន ចិន្តាពេជ្រ អាយុ៣០ឆ្នាំ ធ្វើការហាងខារ៉ាអូខេ តែលែងលះជាមួយប្តី ឈ្មោះ ហុង ណុប អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅម្តុំផ្សារចោមចៅ មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ ជាច្រើន ឆ្នាំមកហើយ មានបងប្អូន២នាក់ ស្រី១នាក់ ប្រុស ១នាក់ ក្មេងស្រីខាងលើ ជាកូនច្បង ។

តាមការរៀបរាប់ ក្មេងស្រីខាងលើបានឲ្យដឹងថា ខ្លួនទ្រាំរស់នៅជាមួយម្តាយ លែងបានទៀតហើយ ដោយសារ ម្តាយគ្មានចិត្តសប្បុរសធម៌ និងក្តីមេត្តា កាលបើកូនៗកំព្រាឪពុកទៅហើយ រស់នៅពឹងផ្អែក ទៅលើម្តាយ ក៏ប៉ុន្តែទឹកចិត្តសណ្តោស ជាម្តាយគ្មាន​ទាល់តែសោះ សម្រាប់កូនៗ មានតែហិង្សា វាយធ្វើទារុណកម្ម បើមិនខ្សែភ្លើង ក៏ដងអំបោសដែរ សឹងតែរាល់ថ្ងៃទៅហើយ ឯណាទៅព្រហ្មវិហារធម៌ ម្តាយចំពោះកូន បង្ខំឲ្យធ្វើការងារ ក្នុងផ្ទះស្មើនឹងមនុស្សចាស់ កាលបើធ្វើមិនបានទេនោះ ប្រាកដច្បាស់ ត្រូវខ្សែភ្លើងហើយ ។

ហឹង្សា ទារុណកម្ម ដូចជាជ្រុលហួសហេតុពេក មកលើកុមារ គ្មានក្តីមេត្តា ទើបនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ក្មេងស្រីអភ័ព្វ សម្រេចចិត្តលួចធាក់កង់ ជិះដើរស្វែងរកឪពុករបស់គេ ដែលច្រើនរត់ម៉ូតូកង់បី ម្តុំផ្សារចោមចៅ តែដោយរកមិនឃើញ អស់សង្ឃឹម បើចូលផ្ទះវិញ ច្បាស់ត្រូវខ្សែតីរបស់ម្តាយ។ ហេតុនេះហើយ មានតែស្រែកទ្រហោយំ សម្រក់ទឹកភ្នែក ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញ ដោយក្តីអាសូរ្យ នាំឌុបជូនទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរ និងជួយអន្តរាគមន៍ ។

ក្មេងស្រីខាងលើ ក្រោយពីសាកសួរ ហើយសមត្ថកិច្ចជួយស្រាវជ្រាវ រកឪពុកឲ្យនាងដែរ តែមិនឃើញ ទើបទំនាក់ទំនងទៅនគរបាល ប៉ុស្តិ៍គោកឃ្លាង ខណ្ឌសែនសុខ មកជួយឌុបនាងទៅសាកសួរ និងស្រាវជ្រាវរកហៅម្តាយ មកសាកសួរ ជុំវិញរឿងរ៉ាវហឹង្សា ក្នុងគ្រួសារខាងលើ ។

តាមនគរបាលបានឲ្យដឹងថា ក្រោយពីសាកសួរក្មេងស្រីខាងលើរួច សមត្ថកិច្ចបានហៅនាំម្តាយក្មេងស្រី មកសាកសួរនៅប៉ុស្តិ៍ ក្រោមវត្តមានអាជ្ញាធរ ភូមិសង្កាត់ចូលរួមផងដែរ ។ នៅចំពោះមុខសមត្ថកិច្ច ស្រ្តីជាម្តាយ បានសារភាពផងដែរ ខ្លួនពិតជាវាយកូនមែន តែក្នុងន័យអប់រំ ប្រដៅ ដោយសារកូនស្រីរូបនេះរឹងរុះពេក ពុំស្តាប់ដំបូន្មាន ម្តាយឡើយ ។

ដើម្បីបញ្ឈប់នូវអំពើហឹង្សាណាមួយ ទៅលើកុមារ ស្រ្តីជាម្តាយរបស់ក្មេងខាងលើ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ ធ្វើការអប់រំ គ្មានហឹង្សា ក្នុងរូបភាពណក៏ដោយ ទៅលើកូនស្រី រួចប្រគល់ក្មេងស្រីរូបនេះ ឲ្យយកត្រឡប់ទៅវិញ ហាមវាយធ្វើបាប ពុំនោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ ៕