ខេត្តមណ្ឌលគិរី៖ បុរសមួយក្រុមបាននាំគ្នាកែច្នែគ្រាប់បែកទៅបោក ស្រាប់តែភ្លាត់ស្នៀតផ្ទុះជះអម្បែងខ្ទាតមកត្រូវ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ នៅក្នងចំណុច​អូរ​អ​ញ្ជ័​រ ស្ថិតក្នុង​ភូមិអ​ន្ត្រេះ ឃុំ​អរ​បួន ស្រុក​កោះ​ញែក។

លោក ខ្លូត សុ​ឃា អធិការ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះទាំង២នាក់ខាងលើ ​ទី​១-​ឈ្មោះ ផុ​ន ញ៉ អាយុ​៥៤​ឆ្នាំ និង​ទី២-ឈ្មោះ ខាន់ ណា អាយុ​២៤​ឆ្នាំ ហើយពួកគេ​ទាំង​ពីរ​ស្នាក់​នៅ​ភូមិ​ឃុំ​ខាងលើ ដោយ​ខ្នាក់រង​របួស​​ដាច់​ដៃ និង​ម្នាក់​ទៀត​បែក​គ្រាប់ភ្នែក ព្រមទាំង​មាន​ស្នាម​របួស​ពេញ​ខ្លួន​។

ប្រភពព័ត៌មានពីអ្នកភូមិអន្ត្រេះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង២នាក់បានយករំសេវមកដល់នៅក្នុងកំប៉ុងទឹកដោះគោ រួចហើយដាក់គ្រាប់គីប និងបង្ហាប់ឲ្យណែ ដើម្បីច្នៃជាគ្រាប់បែកកយកទៅបោកត្រី។ បន្ទាប់ពីកែច្នៃរួចហើយ ពួកគេក៏យកទៅបោកត្រី ប៉ុុន្តែដោយសារពួកគេកែច្នៃខុសលក្ខណៈបច្ចេកទេស ក៏ផ្ទុះបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់។ ភ្លាម​ៗ​នោះ​ ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់កន្លែងកើតហេតុ និង​ដឹក​ពួកគេបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក ដើម្បី​សង្គ្រោះ ប៉ុន្តែដោយសារ​តែ​​មុខរបួស​​របស់ពួកគេធ្ងន់​ខ្លាំង​ពេក ទើប​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី ។

លោក ទុ​យ ស្រស់ ប្រធាន​ស្តីទី​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះម្នាក់​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ ​នៅក្នុងមន្ទីរពេទ្យ ឯ​ភ្នំពេញ និង​ម្នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​ដូច​គ្នា ប៉ុន្តែ​បញ្ជូន​ទៅ​ពេល​ក្រោយ​។ ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​រង​របួស​ដាច់​ដៃ ទាំង​សងខាង និង​ម្នាក់​ទៀតបាន​រង​របួស​ឆេះ​រោលរាលរបួស​ពេញ​ខ្លួន និង​បែក​គ្រាប់ភ្នែក ៕