ខេត្ត​ឧត្តរមានជ័យ​៖​ នារីវ័យក្មេងម្នាក់បានប្រឡងធ្លាក់មុខវិជ្ជាគណិតវិទ្យា ធ្វើឲ្យនាងតូចចិត្តមានគំនិតគិតខ្លី សរសេរពាក្យបណ្ដាំទុកឲ្យជីតាមើល ហើយយកក្រមាមកចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង២០នាទីល្ងាច ​ថ្ងៃ​ទី​២១​ ខែកុម្ភ​:​ ឆ្នាំ​២០១៨​ នៅក្នុង​ភូមិ​ថ្មី​ ឃុំ​ថ្លា​ត​ ស្រុក​អន្លង់​វែង​។

មន្ត្រីនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា នារីវ័យក្មេងដែលគិតខ្លីចងកសម្លាប់ខ្លួនោះ ឈ្មោះ​ មាស​ ស្រី​ដា​ អាយុ​ ១៨​ឆ្នាំ​ មុខរបរជាសិស្សសិស្ស​ថ្នាក់​ទី​១១ រស់នៅ​ភូមិ​រំចេក​ ឃុំ​-​ស្រុក​អន្លង់​វែង​ ហើយបច្ចុប្បន្ន​​ស្នាក់​នៅ​ជាមួយ​ជីដូន​ជីដូន​ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ នារីរងគ្រោះបានយក​កន្សែងពោះគោ​ចងក​សម្លាប់​ខ្លួននឹងដើម​ត្រ​សេក​ ដែលមានកម្ពស់​១,៩០​ម៉ែត្រ​ នៅ​ក្នុង​ព្រៃ​បុស្ស​មានចម្ងាយ១០០ម៉ែត្រពីខាងជើង​ផ្ទះរបស់នាង

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់​ពីបាន​ទទួលនូវ​ព័ត៌មាន​បែបនេះ​ភ្លាម​ អធិការ​នគរបាល​ស្រុក​បាន​ចាត់តាំង​កម្លាំង​ជំនាញ​ និង​ប៉ុស្តិ៍​រដ្ឋបាល​ ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ ដោយរកឃើញ​លិខិតជាភាសាអង់គ្លេសមួយច្បាប់ដែលនារីរងគ្រោះសរសេរ ហើយទុកនៅ​ក្នុង​កា​តាប​រៀន​របស់នាង ដែលមានន័យថា៖ “សុំទោស! ខ្ញុំប្រឡងគណិតវិទ្យាធ្លាក់ ខ្ញុំខ្មាស់គេណាស់ ខ្ញុំជាសិស្សខ្សោយគណិតវិទ្យា ខ្ញុំចង់តែយំ និងចង់សម្លាប់ខ្លួនឯង”។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួចមក ដោយឃើញមិនមានស្លាក់ស្នាមអ្វីគួរឲ្យសង្ស័យ និងមានសំបុុត្រដែលនារីរងគ្រោះសរសេរទុកនៅក្នុងកាតាបរបស់នាងផង ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានចងកសម្លាប់ខ្លួននេះ ក៏ដោយសារនាងខូចចិត្តនឹងការប្រឡងធ្លាក់នូវមុខវិជ្ជាគណិតវិទ្យា។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានក្រើនរំឭកដល់សិស្សានុសិស្សទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មិនត្រូវរឿងអ្វីបន្តិចបន្តួច បែរជាគិតខ្លីធ្វើអំពើបែបនេះទេ។ បើការងារណាមួយយើងធ្វើមិនទាន់សម្រេច យើងត្រូវតែខិតខំព្យាយាមធ្វើវារហូតបានសម្រេច ទើបវាប្រសើរ។ ប៉ុន្តែបើយើងសម្រេចចិត្តចងកសម្លាប់ខ្លួនបែបនេះ គឺជាទង្វើមួយដ៏គួរឲ្យខ្មាសអៀនទៅវិញទេ៕