ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុនមួយចំនួន បាននាំឱសថបំប៉នផ្លូវភេទបុរស ” GOOD MAN ” នោះមក ក្រសួងសុខាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា កលាពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានចេញនូវសេចក្ដីជូនដំណឹងរបស់ខ្លួន ព្រមានថា នឹងចាត់​វិធានការ តាម​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​ឱសថស្ថាន​ទាំងឡាយ​ណា​ដែល​នាំ​ចូល និង​ចែកចាយ​នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ដោយពុំ​បាន​ចុះ​បញ្ជិកា និង​ត្រួតពិនិត្យ​គុណភាព​ត្រឹមត្រូវ ​ពីមន្ត្រីជំនាញរបស់​កម្ពុជា​។

​យោង​តាម​សេចក្ដីជូនដំណឹង​របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល
បាន​ពិនិត្យ​ឃើញ​ថា មានការ​ផ្សព្វផ្សាយ​នូវ​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ «GOOD MAN» តាម​ប្រព័ន្ធ facebook ដោយមិនបានចុះបញ្ជិកា និងត្រួតពិនិត្យពីគុណភាពត្រឹមត្រូវពីមន្ត្រីជំនាញរបស់កម្ពុជា។ នៅ​ក្នុង​នោះដែរ ​ក្រសួង​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ Wining International Trade Co; Ltd ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន ​បាន​ផ្សព្វផ្សាយ​នូវ​ផលិត​ផល​ឱសថ​ខាងលើ​នេះ​ ដោយ​អួតអាង​ហួស​ពី​ការ​ពិត​ថា ឱសថបំប៉នផ្លុវភេទបុរសនោះ (GOOD MAN) ​នឹង​ជួយ​បុរស​ដែល​អសមត្ថភាព​ផ្លូវភេទ​ មានឱកាស​ផ្ដល់​ភាព​សុខ​ស្រួល​ដល់​ដៃគូ​រួម​ភេទ​របស់​ខ្លួន​បាន​ដោយ​ងាយបំផុត ពីព្រោះ​ឱសថ​នេះ​មាន​សមត្ថភាព​ខ្ពស់ ​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ «​ក្រលៀន តម្រង់នោម ក្រពេញ​ប្រ៉ូ​ស្តា​ត អ័រម៉ូន ជា​ពិសេស​ បង្កើន​តណ្ហា​ផ្លូវ​ភេទបុរស​ឲ្យ​បាន​ខ្លាំង និង​រឹង​បាន​យូរ​» ហើយ​ឱសថ​នេះ​ក្នុង​មួយ​កំប៉ុង​មាន៦០គ្រាប់ ​ផលិត​នៅ​ក្នុងប្រទេស​អា​មេ​រិ​ក​។

សេចក្ដីជូនដំណឹងដដែលនោះ បានបន្តថា ដោយសារតែមានការអួតអាងហួសពីការពិតបែបនេះ ទើបក្រសួងចុះពិនិត្យ និង​បាន​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស Good Man របស់​ក្រុមហ៊ុន​ខាងលើ​ថា​ជា​ការ​ឃោសនា​ភូត​កុហក បោកប្រាស់​លុយកាក់​ពី​ពលរដ្ឋ និង​មាន​ចេតនា​បំផ្លិចបំផ្លាញ​សុខុមាលភាព​របស់ពលរដ្ឋ។ ​ក្រសួង​សូមបញ្ជាក់ថា​៖ «​ឱសថ​សម្រាប់​បំប៉ន​ផ្លូវ​ភេទបុរស​ខាងលើ​នេះ​ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការ​ត្រួតពិនិត្យ គ្មាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល និង​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​»​។

ដោយសារតែគិតគូរដល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ និងជីវភាពរបស់ប្រជាពលរដ្ឋជាចម្បងនោះ ​ក្រសួងសុខាភិបាល​សូម​អំពាវនាវ​ដល់​សាធារណជន ក៏​ដូច​ជា​ក្រុមហ៊ុន​ដែល​បាន និងកំពុង​ផ្សព្វផ្សាយ ព្រមទាំង​ចែកចាយ​ឱសថ​ខាងលើ​ នា​ពេល​កន្លង​មកនេះ​ ត្រូវបញ្ឈប់​នូវសកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់​។ «បើមិនដូច្នោះទេ ​ក្រសួង​នឹង​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់ ​ក្នុង​ករណី​ក្រសួង​ពិនិត្យ​ និងរក​ឃើញ​ថា ​ក្រុមហ៊ុន ឬឱសថស្ថាន និង​ជន​ណាមួយ​នៅ​បន្ត​ការ​ផ្សព្វផ្សាយនូុវ​ឃោសនា​ភូត​កុហក បោកប្រាស់​ពលរដ្ឋ និង​កំពុង​ជួញដូរ ហើយប្រើប្រាស់​នូវ​ឱសថ​ខាងលើ​នេះបន្តទៀត​»៕