បុរសជនជាតិចិនម្នាក់ បញ្ចេញនូវចរិត ដូចជាកាចហួសហេតុ បន្ទាប់ពីចូលទៅធនាគារ គោលបំណងដកលុយ តាមរយៈទូATM តែសង្ស័យគ្មានលុយក្នុងកុង ទើបដកមិនបាន បែរជាបញ្ចេញចរឹកកោងកាច ឆ្កាដៃឆ្កាជើង រើសដុំថ្មបំរ៉ុងគប់ទ្វារកញ្ចក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រចាំនៅទីនោះ ​ឃាត់​ម្តងហើយម្តងទៀតមិនស្តាប់ រករឿងចង្អុលមុខសមត្ថកិច្ច តែមិនមានអ្នកចេះភាសាចិន ទីបំផុត ចាប់ឃាត់ខ្លួន នាំទៅអប់រំនៅប៉ុស្តិ៍ប៉ូលីស ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង ៤និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅធនាគារ ក្នុងមជ្ឈមណ្ឌលអ៊ែរវ៉ូត ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

បុរសជនជាតិចិន មិនស្គាល់ឈ្មោះឡើយ អាយុជាង៣០ឆ្នាំ ពិបាកទំនាក់ទំនងគ្នាដោយ​សារ មិនមានអ្នកចេះភាសារចិន អំឡុងពេលកើតហេតុ ។

តាមប្រភពពីសន្តិសុខ យាមប្រចាំនៅមជ្ឈមណ្ឌលខាងលើ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិន ធ្វើដំណើរតាមម៉ូតូឌុប មកចុះនៅចំណុចខាងលើ ហើយដើរចូល ធនាគារកន្លែងទូATM ក្នុងគោលបំណង ដកលុយតែម្នាក់ឯង ពេលចុចទូATM ម្ត​ងហើយម្តងទៀត រួចចាប់ផ្តើមឡូឡា មិនដឹងថា មានរឿងអ្វី បានជាបរទេសរូបនេះ ឈ្លោះជាមួយទូATMទៅវិញ តែមតិភាគច្រើន សន្និដ្ឋានថា កុងរបស់ជនជាតិចិនរូបនេះគ្មានលុយ ទើបបើកមិនបាន ដកលុយមិនចេញ។

គ្រាន់តែដកលុយមិនចេញ ចាប់ផ្តើមបញ្ចេញចរឹកហ្ស៊ីន ឆេវឆាវស្រែកឡូឡា​ ដើរចេញក្រៅ ឆ្កាដៃជើងតែម្នាក់ឯង រើសបានដុំថ្ម បំរ៉ុងគប់បំបែកកញ្ចក់ទ្វារទូរATM របស់ធនាគារ ត្រូវបានកម្លាំងសមត្ថកិច្ចដែលនៅក្បែរនោះស្រាប់ ចាប់ឃាត់យកដុំថ្មបោះចោល ស្រាប់តែបុរសរូបនេះ បញ្ចេញឫក ដូចស្រុកខ្មែរមានតែខ្លួន សម្បើមណាស់ ហើយរត់ទៅរើសដុំថ្មមកសាជាថ្មី បំរុងគប់ តែត្រូវបានសមត្ថកិច្ចរារាំង ចាប់ប្រតាយប្រតប់គ្នា បណ្តាលឲ្យជ្រុះកាបូបលុយ និងដាច់ខ្សែដៃ ហើយអ្នកឃើញហេតុការណ៍ នាំគ្នារើសប្រគល់ជូនបុរសខាងលើវិញ រួចនាំទៅធ្វើការអប់រំ នៅប៉ុស្តិ៍នគរបាល បន្ទាប់ពីបុរសខាងលើ គ្មានអ្នកណាជាដៃគូរជម្លោះជាមួយ បែរជាទៅឈ្លោះជាមួយទូATM ទៅវិញ ៕