ភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុប្រហែល៣ឆ្នាំ សូម្បីតែនិយាយមិនទាន់ច្បាស់ផង ត្រូវបានគេប្រទះឃើញនៅឈរយំតាមផ្លូវ មិនដឹងថាឪពុកម្តាយទៅណាមកណា ដោយក្តីមេត្តា កុរុណា រកឪពុកម្តាយមិនឃើញ មានតែនាំយកទៅប្រគល់ឱ្យប៉ូលិស មើលរក្សាជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

ក្មេងប្រុសខាងលើ អាយុប្រហែលជា ៣ឆ្នាំ និយាយមិនទាន់ច្បាស់ ទើបសមត្ថកិច្ចជួបការលំបាកក្នុងការសាកសួររកឪពុកម្តាយ ផ្ទះសម្បែង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសខាងលើត្រូវបានគេប្រទះឃើញឈរយំ តាមផ្លូវកែង៣០ម៉ែត្រ កណ្តាលថ្ងៃក្តៅហែង មិនដឹងថាមានអ្នកផ្សេងយកមកទុកចោល ឬក្មេងខាងលើ ដើរមកដល់ទីនេះទេ ទោះជាសាកសួរ អ្នកជុំវិញ ក៏គ្មានអ្នកណាម្នាក់អះអាងឱ្យច្បាស់ដែរ ។

ដោយរកសាច់ញាត់ អាណាព្យាបាលមិនឃើញ ទើបពលរដ្ឋមានតែរាយការណ៍ប្រាប់សមត្ថកិច្ច យកទៅមើលរក្សាទុកជាបណ្តោះអាសន្ន ស្រាវជ្រាវប្រកាសស្វែងរក ឪពុកម្តាយរបស់ក្មេងហើយនៅតែពុំបានលទ្ធផល ។

ដោយសមត្ថកិច្ច ជាប់រវល់ការងារច្រើន ក្មេងខាងលើទើបបានទំនាក់ទំនង មេភូមិទួលកី ដើម្បិនាំយកក្មេងខាងលើ ទៅមើលថែជាបណ្តោះអាសន្ន រង់ចាំស្រាវជ្រាវ រកអាណាព្យាបាល បន្តទៀត ៕