ខេត្តកណ្ដាល៖ បន្ទាប់ពីមានអ្នកទោសស្លាប់នៅក្នុងពន្ធនាគារខេត្តកណ្ដាលនោះមក ហើយប្រធានពន្ធនាគារចេញមុខអះអាងថា អ្នកទោសធ្វើអត្តឃាត ប៉ុន្តែនៅពេលនេះ តុលាការបានរកឃើញថា អ្នកទោសស្លាប់ដោយសារអំពើហិង្សាវាយតប់គ្នា នៅក្នុងពន្ធនាគារ។

ប្រភពព័ត៌មានពីមន្ត្រី​តុលាការ ​បាន​​ឲ្យ​ដឹង​ថា នៅពេលនេះ តុលាការ​បានរក​ឃើញ​ពីមូលហេតុ ​នៃការស្លាប់របស់អ្នកទោស នៅក្នុងពន្ធនា​គារ​ខេត្តកណ្ដាល កាលពីចុងខែ​ធ្នូ ឆ្នាំ​២០១៧ហើយ ក្រោយ​ពេល​ស៊ើបអង្កេត​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​សាកសួរព័ត៌មាននានា និង​ប្រមូល​ភស្តុ​តាង​សព្វគ្រប់។ ​លទ្ធផល នៃការស៊ើបអង្កេតនោះ ​បានបង្ហាញ​ថា ការ​ស្លាប់​របស់អ្នកទោស ​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាលនេះ គឺ «​ពុំ​មែន​​ជា​ការ​លោតចេញ​ពី​ស៊ីទែន​ទឹក​ ដើម្បីសម្លាប់​ខ្លួន ដូច​របាយការណ៍​របស់​ប្រធាន​ពន្ធនាគារនោះ​ឡើយ។ ករណី​នេះ គឺកើតឡើងដោយសារការ​វាយតប់​គ្នា ​រវាង​អ្នកទោស និង​អ្នកទោស​ ទើប​បណ្ដាល​ឱ្យ​អ្នកទោស​ម្នាក់​ស្លាប់បែបនេះ​»។

ប្រភពព័ត៌មានដដែល បានបន្តទៀត​ថា ទោះជាយ៉ាងណា លោក ចាត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល មិន​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់នោះ​ទេ ដោយសារ​ករណីនេះ ពុំ​​ជាប់​ពាក់ព័ន្ធនឹងរូបលោក។ ដោយឡែក ​អ្នកទោស​​១២​នាក់ ជាប់ពាក់ព័ន្ធនឹងករណីនេះ ​ត្រូវសមត្ថកិច្ចបញ្ជូន​សំណុំរឿង​ទៅ​ជូនចៅក្រម​ស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ចាត់ការ​បន្ត​តាម​នីតិវិធី។

ប្រភពព័ត៌មានដដែល បានបន្តថា អ្នកទោស​ទាំង១២​នាក់នេះ ត្រូវ​បាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពី​បទ «​ផ្តើមគំនិត​» «​សមគំនិត​» «​បទ​ហិង្សា​ដោយ​ចេតនា​» និង «​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ដោយសារ​មរណភាព ​នៃ​ជន​រង​គ្រោះ តាម​មាត្រា​២៨ មាត្រា​២៩ មាត្រា​២១៧ និង​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ។

ប្រភពព័ត៌មានពីមន្ត្រីពន្ធនាគារខេត្តកណ្ដាល បានឲ្យដឹងថា ជន​ត្រូវ​ចោទ ​ឈ្មោះ មុត លី​ណា​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ(អ្នកស្លាប់ក្នុង​គុក) ត្រូវបានតុលាការចោទប្រកាន់​ពី​បទ «​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​» ដែលបានប្រព្រឹត្ត​នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ តាម​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ។ បន្ទាប់មក ជន​ត្រូវ​ចោទ ​ឈ្មោះ មុត លី​ណា​ន ត្រូវ​បាន​លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល សម្រេចឃុំខ្លួន​ កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ។ លុះមកដល់​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ ក៏ឮព័ត៌មានមកថា ជន​ត្រូវ​ចោទ ​ឈ្មោះ មុត លី​ណា​ន​ បានលោត​សម្លាប់​ខ្លួន​ នៅក្នុង​ស៊ីទែន​ផ្ទុក​ទឹក​ដ៏​ធំ នៅ​ក្នុង​ពន្ធនាគារ។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីមានការភ្ញាក់ផ្អើលពីករណីនេះរួចមក ទើបមានការស៊ើបអង្កេត ហើយ​អ្នកដឹង​រឿង​រ៉ាវនេះ ក៏បាន​អះអាង​ថា «​មិនមែន​ជា​ករណី​លោត​សម្លាប់​ខ្លួននោះ​ទេ គឺជា​ករណី​វាយតប់​គ្នា​ នៅក្នុង​ពន្ធនាគារ​»។

លោក ណុ​ស បូ​ផល មេធាវី​តំណាងឲ្យម្ដាយរបស់ជន​រង​គ្រោះ បាន​ថ្លែង​ថា កាលដែល​ម្តាយរបស់ជនរងគ្រោះ​ប្តឹង​ទៅតុលាការ គឺ​ចង់ឱ្យ​តុលាការ​ស្វែង​ការ​ពិត ​ក្នុង​ករណី​នេះ។ ​ម្តាយរបស់ជនរងគ្រោះ បាន​អះអាង​ថា «នៅលើសាកសព​កូនប្រុស​របស់គាត់ មាន​ស្លាកស្នាម​ជាច្រើន​ នេះបញ្ជាក់ថា កូូនរបស់គាត់​មិន​បាន​លោត​សម្លាប់​ខ្លួនពីស៊ីទែនទឹក នៅក្នុងពន្ធនាគារ​នោះ​ទេ​»។

ទោះជាយ៉ាងណា ក្រោយពេលមានអ្នកទោសស្លាប់នៅក្នុងពន្ធនាគារនោះមក លោក ចាត ស៊ី​នាង ប្រធាន​ពន្ធនាគា​ខេត្តកណ្តាល បានអះអាងថា អ្នកទោសដែលស្លាប់នោះ គឺគេបានលោតសម្លាប់ខ្លួន មិនមែនជាការវាយតប់គ្នានោះឡើយ។

ក្រោយពីមានអ្នកទោសវាយតប់គ្នា នៅក្នុងពន្ធនាគារ បណ្ដាលឲ្យមានអ្នកស្លាប់បែបនេះ ធ្វើឲ្យមជ្ឈដ្ឋានទូទៅ រិះគន់យ៉ាងខ្លាំងដល់មន្ត្រីពន្ធនាគារ ជាពិសេស គឺប្រធានពន្ធនាគារតែម្ដង ដែលគ្រប់គ្រងមិនបានល្អ។ រីឯពន្ធនាគារមួយចំនួនទៀត មានទាំងការជួយដូរថ្នាំ​ញៀនទៀតផង ដូច្នេះសូមក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័ន្ធពាក់ព័ន្ធ មេត្តាចាត់វិធានការលើករណីនេះផង៕