​ខេត្តបន្ទាយ​មាន​ជ័យ​៖​ រថយន្តក្រុង​ក្រុមហ៊ុន​ប្លូ​បឹ​ស​មួយ​គ្រឿង​ បានដឹក​ប្រហិត​សាច់​មាន់​ជិត​២​តោន​ និង​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ ​១៥០​ធុង​ដុត​ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន ហើយយកទៅកម្ទេចចោល កាលពីល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ទីលាន​ចាក់សំរាម​ ក្រុង​សិរី​សោភ័ណ​។​
​ ​

មន្ត្រីការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យដឹង​ថា​ កាលពី​យប់ ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៨​ មន្ត្រីនគរបាលជំនាញបានស្ទាក់ចាប់រថយន្តក្រុង​មួយ​គ្រឿង​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 3C-8811​ នៅតាម​ផ្លូវជាតិ​លេខ​៥​ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ ដោយឆែកឆេររកឃើញ​ប្រហិត​សាច់​មាន់​ជិត​២​តោន​ និង​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ ​១៥០​។


មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីឆែកឆេរឃើញវត្ថុតាងខុសច្បាប់ សមត្ថកិច្ចក៏ដកហូតយកមករក្សាទុក។ ​លុះ​មកដល់ព្រឹក ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​ មន្ត្រី​ចម្រុះ​បាន​ត្រួតពិនិត្យ ​រក​ឃើញ​មាន​ប្រហិត​សាច់​មាន់​ដែល​វេច​ខ្ចប់​ខុស​បច្ចេកទេស​ចំនួន​៥៥​ការុ​ង​ មាន​ទម្ងន់ ១៧៦០​គីឡូក្រាម ​និង​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​១៥០​ធុង​ និង​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ទៀត​។​
​ ​

​មន្ត្រីការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ បាន​បញ្ជាក់​ថា​ ចំពោះ​ប្រហិត​សាច់​មាន់​ដែល​វេច​ខ្ចប់​ខុស​បច្ចេក​ទេស​ និង​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត​ប្រគល់​ជូន​មន្ត្រី​កាំកុងត្រូល​ខេត្ត​ ដើម្បី​យក​ទៅ​ដុត​កម្ទេច​ចោល​ ​នៅ​ទីលាន​ចាក់សំរាម​ ក្រុង​សិរី​សោភ័ណ​ នាល្ងាចថ្ងៃដដែលនោះ។ រីឯ​ទំនិញ​មួយ​ចំនួន​ទៀត​ដែលគ្មាន​ច្បាប់​ និង​ពន្ធ ​ត្រូវ​​ប្រគល់​ជូន​មន្ត្រី​គយ​ និង​រដ្ឋាករ​ខេត្ត ​ដើម្បី​ចាត់ការ​តាម​ច្បាប់៕