ខេត្តព្រៃវែង៖ បុរស២នាក់បាននាំគ្នាទៅមើលគេរាំធុងបាស់ ហើយព័ទ្ធវង់ផឹកស៊ីជាមួយអ្នកភូមិ ស្រាប់តែទាស់ពាក្យសម្ដីគ្នា ធ្វើឲ្យជនបង្កផ្ទុះ​កំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះទៅទាញកាំបិតបាន កាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនបង្កបានរត់គេចខ្លួន​បាត់ស្រមោល កាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិជ្រៃឧត្តម ឃុំក្រាំង​តាយ៉ង ស្រុកពាមជ័រ។

មន្ត្រីនគរបាលស្រុកពាមជ័រ បានឲ្យដឹងថា ជនបង្ក ឈ្មោះ រុន ចិច ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជ្រៃឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជ័រ ខេត្តព្រៃវែង។ រីឯជនរងគ្រោះ ឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសចំកដៃខាងស្តាំ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ នៅក្នុងភូមិកើតហេតុ មានគេចាក់ធុងបាស់រាំលេងកម្សាន្ដ រីឯ​ជន​រងគ្រោះ និងជនសង័្សយក៏បានទៅមើលគេរាំលេងនឹងគេ ហើយព័ទ្ធវង់ផឹកស៊ីជាមួយគ្នា។ លុះពេលពួកគេផឹកស្រវឹងរៀងៗខ្លួន ក៏ចាប់ផ្ដើមទាស់ពាក្យសម្ដីគ្នា ធ្វើឲ្យជនបង្កផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅទាញកាំបិតបាន កាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមៗនោះ ជនបង្កក៏បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនសង័្សយ ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់៕