ភ្នំពេញ៖ កម្ពុជាបានសម្រេចសម្ពោធម៉ាកវិញ្ញាតកម្មអង្ករ «ម្លិះអង្គរ» ‘MALYS ANGKOR’ ដែលសហព័ន្ធស្រូវអង្ករចាត់ទុកថា ជាការបោះជំហានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋនិយម ក្នុងការរួមចំណែកលើកស្ទួយវិស័យអង្ករកម្ពុជា ជាមួយ​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងពាណិជ្ជកម្ម និង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត តាមរយៈការសម្ពោធម៉ាកវិញ្ញាតកម្ម​ជាផ្លូវការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ហើយជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើជាអធិបតី ក្នុងពិធីសម្ពោធម៉ាកវិញ្ញាតកម្មអង្ករ «ម្លិះអង្គរ» «MALYS ANGKOR» ព្រមទាំងមានវត្តមានរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជា លោក លោកស្រី​តំណាងក្រសួងស្ថាប័នជាច្រើនទៀត និង ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

យោងតាមទំព័រហ្វេសប៊ុកជាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការសម្រេចបាននូវម៉ាកវិញ្ញាតកម្មអង្ករ នាពេលនេះ គឺមានរយៈពេល៨ឆ្នាំកន្លងមក បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករក្នុងឆ្នាំ២០១០ និងការជួយជ្រោមជ្រែងយ៉ាងខ្លាំង ពីសំណាក់ដៃគូអភិវឌ្ឍន៍ជាច្រើន ក្នុងការរៀបចំ ម៉ាកវិញ្ញាតកម្ម ដែលអាចផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់អង្ករកម្ពុជា។

ប្រភពព័ត៌មានដដែល​បានបន្តថា ការសិក្សាទីផ្សារជាច្រើនឆ្នាំ និងចាយថវិកាយ៉ាងច្រើន ក្នុងពេលកន្លងមក នាំឲ្យមានលទ្ធផល នៅថ្ងៃនេះ នោះគឺការសម្ពោធ ម៉ាកអង្ករ «ម្លិះអង្គរ» «MALYS ANGKOR» ដែលមានសហព័ន្ធស្រូវអង្ករកម្ពុជា ជាកម្មសិទ្ធិករ។ «ម្លិះអង្គរ» «MALYS ANGKOR» ជាម៉ាកអង្ករក្រអូបប្រណិតរបស់កម្ពុជា ដែលនឹងផ្តល់នូវការបញ្ជាក់ទៅលើប្រភេទអង្ករក្រអូបប្រណិតនានា ដែលកម្ពុជាផលិតបាន រួចកិនកែច្នៃ សម្រាប់នាំចេញ ឬចែកចាយក្នុងទីផ្សារក្នុងស្រុក។

រាល់ការប្រើប្រាស់ ម៉ាក«ម្លិះអង្គរ» «MALYS ANGKOR» គឺជាការធានាចំពោះមុខច្បាប់ថា អង្ករនោះជាផលិតផលកម្ពុជា យ៉ាងពិតប្រាកដ។ ម៉ាកអង្ករនេះ គឺជាការទន្ទឹងរង់ចាំដ៏យូរមកហើយ ហើយវាក៏ជាតម្រូវការចាំបាច់សម្រាប់ការធ្វើទីផ្សារ និងការផ្តល់នូវទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់។

ប្រភពដដែល បានបន្តថា កម្ពុជាបានចាប់យកឱកាសនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាផ្លូវការ ចាប់តាំងពីឆ្នាំ២០០៨។ ដោយមើលឃើញនូវសក្តានុពលក្នុងនាំអង្ករចេញ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយស្រូវអង្ករជាផ្លូវការក្នុងឆ្នាំ២០១០ ហើយកាលនោះ បរិមាណនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិជិត ៤០០០០តោន ហើយបរិមាណនាំចេញបានកើន៥ដង រហូតដល់២០០០០០តោននៅឆ្នាំបន្ទាប់។ បរិមាណនាំចេញបានកើនឡើងរហូតដល់៤០០០០០តោន នៅឆ្នាំ២០១៣ ដោយកើនឡើងជិត១០ដងធៀបនឹងឆ្នាំ២០១០។

នៅដំណាច់ឆ្នាំ២០១៧ កម្ពុជាសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាង ៦៣៥០០០តោនទៅកាន់ប្រទេស៦៣ នៅលើសកលលោក។
ទិន្នន័យចុងក្រោយ ក្នុងឆ្នាំ២០១៧ បង្ហាញថា ទីផ្សារនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានស្រូបយកអង្ករកម្ពុជា៤៣% នៃបរិមាណនាំចេញសរុប ស្របពេលទីផ្សារចិនកំពុងប្រជែង ក្នុងល្បឿនយ៉ាងឆាប់រហ័ស ក្នុងការស្រូបយកអង្ករពីកម្ពុជា ដោយមានចំណែក៣៤% នៃការនាំចេញសរុប។

ប្រភពដដែល បានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៨ សាធារណរដ្ឋប្រជាមានិតចិនបានចុះអនុស្សារណៈទិញអង្ករកម្ពុជា៣០០០០០តោន ក្នុងមួយឆ្នាំ។ កត្តានេះបានធ្វើឲ្យឱកាសពង្រីកទីផ្សារកាន់តែធំទូលំទូលាយសម្រាប់អង្ករកម្ពុជា ហើយក៏ជាក្ដីសង្ឃឹមយ៉ាងមុតមាំរបស់កសិករ​ខ្មែរផងដែរ៕