ប្រទេសថៃ៖ អតីតមេជនអន្ធពាលជប៉ុនម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម បានរត់គេចខ្លួន​ពីប្រទេសកំណើតរបស់ខ្លួន មករៀបការជាមួយស្រ្ដីជនជាតិថៃ និងសំងំលាក់ខ្លួនអស់រយៈពេល១៤ឆ្នាំ នៅក្នុងប្រទេសថៃ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈកំពុងដើរទិញទំនិញ នៅក្នុងផ្សារ Lopburi នាភាគខាងជើង ទីក្រុងបាងកក។

ប្រភពព័ត៌មានពីសមត្ថកិច្ចថៃ បានឲ្យដឹងថា ជនសង័្សយដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ឈ្មោះ Shigeharu Shirai អាយុ៧៤ឆ្នាំ ជាអតីត​ចៅហ្វាយនាយរបស់ក្រុមអន្ធពាល Yakuza ។ ជននេះមានការជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ដែលបានប្រព្រឹត្ត នៅក្នុងប្រទេស​ជប៉ុន ហើយគាត់បានរត់គេចខ្លួនពីប្រទេសកំណើតរបស់គាត់ មកសំងំលាក់ខ្លួន នៅក្នុងប្រទេសថៃ និងយកប្រពន្ធជាជនជាតិថៃទៀត​ផង។ រីឯការឃាត់ខ្លួនេះ គឺសមត្ថកិច្ចថៃបានធ្វើឡើង បន្ទាប់ពីមានរូបថតសាក់ពេញគួរឲ្យចាប់អារម្មណ៍របស់គាត់ ត្រូវបានគេបង្ហោះនៅតាមប្រព័ន្ធអ៊ីនធឺរណេត ហើយដឹងដល់សមត្ថកិច្ចជប៉ុន ក៏បានទាក់ទងមកប៉ូលិសថៃចុះទៅចាប់ខ្លួនគាត់ កាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ ខណៈគាត់ដើរទិញអីវ៉ាន់ នៅក្នុងឡៅបុរី នាភាគខាងជើងក្រុងបាងកក។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីគាត់បានចូលនិវត្តន៍ពីមេខ្លោងអន្ធពាល មកសំងំលាក់ខ្លួន នៅក្នុងប្រទេសថៃ អស់រយៈពេលជាង១០ឆ្នាំ​មក សហការីជាជនជាតិជប៉ុនរបស់គាត់តែងតែមកលេងប្រទេសថៃ និងជួបគាត់​ ពីរទៅបីដង ក្នុងមួយឆ្នាំ ដោយនាំ​យក​អំណោយមកជូនគាត់ ដើម្បីធ្វើឲ្យជីវិតរបស់គាត់រស់នៅ ដោយសុខស្រួល។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីមានការចែករំលែករូបសាក់នៅលើដងខ្លួនរបស់អតីតមេក្រុមអន្ធពាល Yakuza នោះមក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចែករំលែកគ្នាពីមួយទៅមួយ ក៏ដឹងដល់ប៉ូលិសជប៉ុន ហើយទាក់ទងមក​អាជ្ញាធរថៃ។

បើយោងសេចក្តីថ្លែងការណ៍របស់ប៉ូលិសថៃ បានឲ្យថា លោក Shirai នឹងត្រូវប្រឈមមុខនឹងច្បាប់ នៅក្នុងប្រទេសថៃ ពីព្រោះគាត់មិនមានទិដ្ឋាការចូលមកក្នុងប្រទេសថៃ ហើយប្រទេសទាំង២នឹងធ្វើបត្យាប័នបញ្ជូនជនសង័្សយត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។ បើតាមសម្ដី​របស់ជនសង័្សយ បានសារភាពថា គាត់គឺជាមេក្រុមទំនើង Kodokai ជាបុត្រសម្ព័ន្ធរបស់ Yakuza នៅក្នុងប្រទេសជប៉ុន។

អ្នកនាំពាក្យប៉ូលិសថៃ លោកស្រីឧត្តមសេនីយ៍ Wirachai Songmetta បាននិយាយសំដៅទៅបុត្រសម្ព័ន្ធរបស់ក្រុមអន្ធពាល Yakuza ដ៏ ធំជាងគេរបស់ជប៉ុន។ លោកស្រីបានបន្ថែមទៀតថា «ទោះជាយ៉ាងណា ជនសង្ស័យមិនបានសារភាពចំពោះអំពើឃាតកម្មនោះទេ ប៉ុន្តែគាត់បានទទួលស្គាល់ថា គាត់គឺជាជនរងគ្រោះដែលត្រូវគេប្រើ ដើម្បីធ្វើបាបគាត់»។

ក្រុមអន្ធពាល Yakuza នេះបានបង្កនូវភាពវឹកវរ នៅក្នុងសង្គ្រាមជប៉ុន ហើយបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស រហូតបង្កើតបានជាអង្គការ​ចាត់តាំងមួយ ដោយមានលុយរាប់ពាន់លានដុល្លារ តាមរយៈការប្រព្រឹត្តនូវបទល្មើសនានា ដូចជា បើកបនល្បែង គ្រឿងញៀនពេស្យាចារ និងឧក្រិដ្ឋកម្ម។ ពួកគេត្រូវបានចាត់ទុកថា ជាក្រុមដ៏អាក្រក់បំផុតមួយ។ ក្រុមនេះមានមេធំៗចំនួន២២នាក់ ហើយពួកគេមានសមាជិក​ប្រហែលជាង២ម៉ឺននាក់។ ក្រៅពីការលក់គ្រឿងញៀន​ និងល្បែងខុសច្បាប់ ក្រុមអន្ធពាលនេះក៏រកប្រាក់ចំណូលបាន នៅក្នុងអាជីវកម្មផ្នែកសំណង់ ហិរញ្ញវត្ថុ និងសន្តិសុខទៀតផង៕