ខេត្តបាត់ដំបង៖ មន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបង និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធចំនួន២០នាក់ បាននិងងកំពុងសហការគ្នាស្វែងរកសត្វដំរីញីមួយក្បាលដែលបានឆ្លងពីប្រទេសថៃ ចូលមកក្នុង​ទឹកដីកម្ពុជាដែលដំបូងឡើយ បង្ហាញវត្តមាន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីសបា្តហ៍មុន និងចុងក្រោយនេះត្រូវបានគេដឹងថា កំពុងមានវត្តមាននៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ដែលកំពុងចុះប្រតិបត្តិការស្វែងរកសត្វដំរី ជាមួយមន្ត្រីពាក់ព័ន្ធនានា បានថ្លែងឱ្យដឹង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨ ថា ក្រុមកម្លាំងចម្រុះក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ បាននិងកំពុងតែតាមដានស្វែងរកដានសត្វដំរីនោះ។ ប៉ុន្តែរហូតមកទល់នឹងម៉ោង៨យប់ថ្ងៃដដែល សត្ថកិច្ចចម្រុះនៅតែមិនទាន់ អាចកំណត់ថាសត្វដំរីនេះ មានវត្តមាននៅទីណាពិតប្រាកដនៅឡើយ។ ក្រោយពីកាលពីយប់រំលងអធ្រាត្រថ្ងៃទី១៩ ខែមករា ប្រជាពលរដ្ឋនៅក្នុងភូមិគគីរ ឃុំបារាំងធ្លាក់ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានដេញសត្វដំរីនោះចេញពីចម្ការរបស់ពួកគាត់ ហើយវារត់ឡើងលើភ្នំ នៅក្នុងតំបន់ភ្នំនោះ។

លោកប្រធានមន្ទីរ បានបន្តថា នៅពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះកំពុងតាមដានស្វែងរកសត្វដំរីញីមួយក្បាល ដែលបានដេញព្រេច​(ជាន់នឹងជើង ពារនឹងក្បាល ចាក់នឹងភ្លក់)ស្រ្តីម្នាក់រស់នៅក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង បណ្ដលឲ្យរងរបួសបាក់ឆ្អឹងជំនីរ១០កាំ។

ជាមួយគ្នានេះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ ឋនៅតំបន់នោះ ប្រសិនបើបានឃើញសត្វដំរីមួយក្បាលហ្នឹង សូមជួយផ្តល់ដំណឹងដល់ក្រុមសមត្ថកិច្ចចម្រុះផង ហើយក៏សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់​ ដើម្បីសុវត្ថិភាព ដោយកុំចូលទៅជិតសត្វដំរីនោះ ប្រសិនបើឃើញវា៕