ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ ខណៈបើករថយន្ត គេចពីរថយន្តមួយគ្រឿងទៀត ក៏ជ្រុលធ្លាក់ចូលប្រឡាយទឹក ដែលនៅក្បែរដងផ្លូវ តែសំណាងល្អ អ្នកបើកបររថយន្ត មិនមានរងរបួស គ្រាន់តែរងការភិតភ័យ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង២២និង៣០នាទី យប់ថ្ងៃទី២០ មករា ២០១៨ នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

អ្នកបើករថយន្តឈ្មោះ សឹង ជីង អាយុ៥៥ឆ្នាំ មុខរបរធ្វើរោងចក្រកាត់ដេរសំលៀកបំពាក់ ជាជនជាតិចិន ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

តាមសំដីបុរសជនជាតិចិនខាងលើ ប្រាប់តាមរយះអ្នកបកប្រែ បានអោយដឹងថា មុនកើតហេតុគាត់បាន បើករថយន្តខាងលើម៉ាក CAMRYបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល
2B-6786 ចេញពីទីក្រុងភ្នំពេញ គោលបំណងទៅរោងចក្រ នៅសង្កាត់ក្រាំងពង្រ ដោយធ្វើដំណើរពីភ្នំពេញ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាក បានបើកមកជែង ពេលនោះគាត់បានព្យាយាម បើកគេចរថយន្តខាងលើ ក៏ជ្រុលធ្លាក់ប្រឡាយទឹក ដែលនៅក្បែផ្លូវជាតិតែម្តង ប៉ុន្តែសំណាងល្អ មិនមានរងរបួសអ្វី។

ភ្លាមៗសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងគ្រោះថ្នាក់ខាងលើ ប៉ុន្តែដោយសាររថយន្ត មិនប៉ះពាល់អ្នកដ៍ទៃ បានអោយម្ចាស់រករថយន្តមកស្ទូច យកចេញដោយខ្លួនឯងទៅ៕