អូស្ត្រាលី៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានអូស្ត្រាលី 7 News Melbourne បានផ្សាយពីហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ ហើយក្នុងនោះគេបានឃើញ តារាជនជាតិខ្មែរ ដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងបណ្តាញសង្គមហ្វេសប៊ូក ដែលគេបានស្គាល់ឈ្មោះថា Kaka KH Australia បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ទាំងខ្មែរ ទាំងបរទេសមានការកោតសរសើរនាងយ៉ាងច្រើន ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ ដោយអ្នកនាង ម៉ូនីកា ហៅ Kaka បានចេញមកជួយបុរស២នាក់ ដែលជាបងប្អូននិងគ្នា ដែលត្រូវបានចោរប្លន់ យកកាបូបលុយ ហើយត្រូវចោរវាយរបួសជាទម្ងន់ផងដែរ នៅពេលដែលបុរសទាំង២នាក់ បានស្រែកឲ្យគេជួយបញ្ជូនខ្លួនទៅមន្ទីរពេទ្យ ។ ដោយសារតែកន្លែងកើតហេតុ មានសភាពស្ងាត់ជ្រងំ ទោះពួកគេស្រែកយ៉ាងណា ក៏ពុំមានអ្នកណាចេញមកជួយនោះឡើយ តែដោយសារទឹកចិត្តមនុស្សធម៌ និងអាណិត អ្នកនាង Kaka បានចេញមកជួយយកអាសារ និងហៅរថយន្តសង្គ្រោះ ដើម្បីជួយបុរសទាំង២នាក់នោះ ។

ទង្វើដ៏ល្អរបស់នាង ត្រូវបានសារព័ត៌មានដ៏ល្បី របស់អូស្ត្រាលី បានចុះទៅយកព័ត៌មាន និងសម្ភាសន៍ជាមួយអ្នកនាង ធ្វើឲ្យមហាជនទូទៅ និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក ជាច្រើនទាំងខ្មែរ និងបរទេស បានកោតសរសើរនាងយ៉ាងខ្លាំង ។ អ្នកនាង ម៉ូនីកា បានរៀបរាប់ប្រាប់ទូរទស្សន៍អូស្ត្រាលីឲ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាត ថ្ងៃកើតហេតុខាងលើ មានករណីប្លន់មួយ បានកើតឡើងនៅឯសួនច្បារ Noble ផ្លូវ Green Street ទីក្រុងមែលប៊ន ដោយមានក្រុមអ្នកលេងមួយក្រុម បានស្ទាក់ប្លន់បុរស២នាក់ ដែលជាបងប្អូននិងគ្នា ដោយទាមទារយកកាបូបលុយរបស់ពួកគេ តែបុរសទាំង២នាក់ បានបដិសេធមិនព្រមប្រគល់ទៅឲ្យ ក្រុមជនពាលទាំងនោះទេ ជាហេតុធ្វើឲ្យក្រុមជនពាល មានការខឹងយ៉ាងខ្លាំង ក៏វាយធ្វើបាបពួកគេ រហូតដល់បែកក្បាលហូរឈាម របួសជាទម្ងន់។

នាងបានបន្តថា ពេលដែលនាងមកដល់ បុរសរងគ្រោះទាំងពី បានព្យាយាមប្រាប់នាងថា ពួកគេត្រូវបានជនពាលកាប់ ហើយមានការឈឺចាប់ជាខ្លាំង ។ នៅពេលនោះនាងបានឃើញ បុរសទាំង២នាក់នោះ មានឈាមហូរយ៉ាងច្រើន នាងក៏បានរត់ទៅផ្ទះរបស់នាង ដែលនៅក្បែរនោះ យកកន្សែងមករុំរបួសឲ្យពួកគេ ហើយបានទូរស័ព្ទទៅហៅរថយន្តសង្គ្រោះបន្ទាន់ មកយកពួកគេទៅព្យាបាលនៅមន្ទីរពេទ្យភា្លមៗដែរ ។

អ្នកនាង ម៉ូនីកា ត្រូវបានក្រុមគ្រួសាររបស់ជនរងគ្រោះ ជាពិសេសម្តាយរបស់បុរសរងគ្រោះទាំង២ ចាត់ទុកនាងថា គឺជាវីរនារី និងជាអ្នកមានគុណដែលបានជួយ ដល់កូនប្រុសរបស់គាត់ទាំង២នាក់ ហើយពេលនេះ ប៉ូលិសក៏បានបើកការស៊ើបអង្កេត ស្វែងរកតាមចាប់ខ្លួន ជនដៃដល់ទាំងអស់ មកផ្តន្ទាទោសតាមច្បាប់ ៕