ខេត្តបាត់ដំបង៖ ក្មេងស្ទាវមួយក្រុម បន្ទាប់ពីវាយប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ម្នាក់ ហើយរត់គេចខ្លួនបានរយៈពេល១០ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួន កាលពី​រសៀល ​ថ្ងៃ​ទី​១៩ ខែមក​រា ឆ្នាំ២០១៨។

មន្ត្រីកងរាជអាវុធហត្ថ ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-​ឈ្មោះ ជីប ធឺ​ន ហៅ​ជៀប ធឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោង​ឫ​ស្សី ខេត្តបាត់ដំបង ទី២-ឈ្មោះ សាយ សឹ​ង្ហ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ខេត្តបាត់ដំបង និងទី​៣-​ឈ្មោះ វង្ស វី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​រាម​​គន់ ឃុំ​គារ ស្រុក​មោង​ឫ​ស្សី ខេត្តបាត់ដំបង។ រីឯជនរងគ្រោះ ទី១-ឈ្មោះ​ ណែម​ ធា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរជា​ពលករធ្វើការងារ ​នៅ​ក្នុងប្រទេស​ថៃ​ (ស្លាប់) មាន​លំនៅ​ក្នុងភូមិ​ជ្រៃ​២​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ទី២-ឈ្មោះ​ ទឿ​ប​ ភ​ន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ធ្វើស្រែ(រងរបួសធ្ងន់)​ មាន​លំនៅ​ក្នុងភូមិ​ជ្រៃ​២​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ និង​ទី៣-ឈ្មោះ​ មឿ​ត​ រឿ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ធ្វើស្រែ (រងរបួសធ្ងន់)​ រស់នៅ​ភូមិ​ពោធិ៍១​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង។

មន្ត្រីអាវុធហត្ថដដែល បានបន្តថា មុនពេលកើតហេតុ​ យុវជនម្នាក់ទើបនឹងត្រឡប់មកពីប្រទេសថៃ ហើយក៏បាននាំមិត្តភក្ដិ ២នាក់ទៀតទៅផឹកស៊ី និងជជែកគ្នាលែងយ៉ាងសប្បាយ រហូតដល់ស្រវឹងជោកជាំ។ លុះមកដល់វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៧​ ពួកគេក៏បានដើរត្រឡប់មកដល់​ភូមិ​រាម​គន់​ ឃុំ​គារ​ ស្រុក​មោងឫស្សី ក៏ជួបនឹងក្មេងស្ទាវមួយក្រុម មានគ្នា៤នាក់​ជិះម៉ូតូ២គ្រឿង។ នៅពេលនោះ ពួកគេក៏មើលមុខគ្នាទៅវិញទៅមក បង្កឲ្យ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​ ទើប​ភាគី​រង​គ្រោះ​ឈប់​ម៉ូតូ​។ ភ្លាមៗនោះ ស្រាប់​តែជនបង្កបានស្ទុះទៅទាញ​ទាញ​កាំបិត​ និង​ចបជីក​ដេញ​ដេញវាយ​សំពង​ និង​កាប់ប្រហារ​ទៅ​លើ​យុវជន​ទាំង​៣​នាក់​ បណ្តាល​ឲ្យស្លាប់យ៉ាងអណោចអធ័មម្នាក់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ហើយក្មេងទំនើងទាំងនោះ​ ក៏បានគេចខ្លួនបាត់អស់ ដោយ​បានបន្សល់​ទុកតែ​ម៉ូតូ ចបជីក និងកាំបិត​នៅ​នឹង​កន្លែង​។​

មន្ត្រីអាវុធហត្ថដដែល បានបន្តថា បន្ទាប់ពីកើតមាននូវអំពើឃាតកម្មបែបនេះ សមត្ថកិច្ចជំនាញក៏បានសហការគ្នាស្រាវជា រហូតឃាត់ខ្លួនជនសង្ស័យបាន ហើយនាំមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មូលហេតុ​ដែលពួកគេ​វាយ និង​កាប់​ទៅ​​លើ​ជន​រង​គ្រោះនោះ គឺដោយសារ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សម្លឹង​មើល​មុខ​បក្សពួក​ខ្លួន ហើយ​ជន​រង​គ្រោះ​បាន​ចុះ​មក​វាយ​ពួក​ខ្លួន​មុន ទើប​ពួក​ខ្លួន​វាយ និង​កាប់​ជន​រង​គ្រោះ​ បណ្ដាលឱ្យ​របួស និង​ស្លាប់បែបនេះ​តែ​ម្តង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូន​ជនសង្ស័យ​ទាំង ​៣​នាក់ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌរបស់​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​​ច្បាប់៕