ភ្នំពេញ៖ យោងតាមរបាយការណ៍ ស្រាវជ្រាវរបស់អង្គការការពារសត្វព្រៃ (WWF) បានឲ្យដឹងថា សត្វទោចផ្ពាល់លឿង ដែលជាប្រភេទពួក​ពានរ ដាក់បញ្ចូលក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ និងកំពុងប្រឈមទៅនឹងការប្រមាញ់សម្រាប់លក់ដូរ និងចាប់មកសត្វចិញ្ចឹម ហើយការបាត់បង់ទីជម្រក

អង្គការសហភាពអន្តរជាតិ អភិរក្សធនធានធម្មជាតិ (IUCN) បានបញ្ជាក់ថា សត្វទោចថ្ពាល់ក្រហមនេះកំពុងមានវត្តមាននៅកម្ពុជា ច្រើនជាងគេបំផុត នៅលើពិភពលោក។ ទោចថ្ពាល់លឿង គឺជាប្រភេទសត្វទោចដែលមានដើមកំណើត​ នៅក្នុងប្រទេសកម្ពុជា វៀតណាម និង​ឡាវ ហើយវារស់នៅក្នុងព្រៃត្រូពិក ដោយស្វែងរកផ្លែឈើមកធ្វើជាចំណីអាហារ ហើយប្រើប្រាស់ដៃដ៏វែងៗរបស់វា ដើម្បីចាប់តោង និងឆ្លង​ពីដើមឈើមួយទៅដើមឈើមួយទៀត។ សត្វទោចថ្ពាល់លឿងនេះ រស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់ខ្ពស់រាប នាភាគខាងកើត នៃខេត្តមណ្ឌលគិរី និងនៅក្នុងសៀមប៉ាង ខេត្តស្ទឹងត្រែង។

បើតាមអង្គការ WWF Cambodia អះអាងថា កម្ពុជាមានទោចថ្ពាល់លឿងច្រើនជាងគេបំផុត​ នៅលើពិភពលោក។ ទោះជាយ៉ាងណាអង្​គការ​ជំនាញសត្វព្រៃមួយនេះ មិនបានបញ្ជាក់ពីចំនួនសត្វទោចដែលកំពុងរស់នៅកម្ពុជានោះទេ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន៕