ភ្នំពេញ៖ រថយន្តដឹកថ្មបែកកង់ រេចង្កូតបុករះម៉ូតូ ៥គ្រឿង និងរថយន្តបែនមួយគ្រឿង បណ្តាលឱ្យរថ​យន្តបង្កក្រឡាប់ធ្វើឱ្យអ្នកជិះម៉ូតូស្លាប់ស្រ្តី ២នាក់និងបុរសម្នាក់រងរបួសធ្ងន់ កើតឡើង​​កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នៅចំណុចហាង ម៉ាង ចាន់ថនលក់គុយទាវ កាហ្វេកោះក្របី តាមផ្លូវ៣៦៩ ស្ថិតនៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខ ជារថយន្តដឹកថ្មម៉ិចចំណុះ ៥តោន បើកបរតាមផ្លូវលេខ៣៦៩ទិសដៅពី លិចទៅកើត មកដល់ចំណុចខាងលើ រថយន្តបានបែកកង់មុខខាងឆ្វេង ធ្វើឱ្យរេចង្កូតទៅខាង​ស្តាំ ទៅបុករះម៉ូតូ ៥គ្រឿង ក្នុងនោះ ៤គ្រឿងចត​ម្ចាស់ចូលទៅហូបគុយទាវ ។

ម៉ូតូរងគ្រោះទាំងនោះមាន ម៉ូតូម៉ាកBeATពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0816 មួយគ្រឿង ​ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-2809 ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេ ខភ្នំពេញ 1CC-0828 ម៉ូតូអ៊ែរប្លេក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1G-9601 និងម៉ូតូហុង​ដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1A-1311 ​ជិះគ្នា ៣នាក់ ស្រី២នាក់និងប្រុសម្នាក់ បាន​ឈប់ចាំទិញគុយ​ទាវ​ តែ​មិន​បានចុះពីលើម៉ូតូទេ គឺ​នៅអង្គុយលើម៉ូតូទាំង ៣នាក់​ បណ្តាល​ឱ្យរថយន្តបុកស្លាប់​ស្រី ២​នាក់​និងបុរសម្នាក់រងរបួសធ្ងន់ជាអ្នកបើកម៉ូតូ ចំណែករថ​យន្តបង្ក បានបន្តទៅបុក​រថយន្តបែន ​ដែលចតនៅតាមចិញ្ចើមផ្លូវបណ្តាលឱ្យរថ​យន្តបង្ក​ក្រឡាប់ តែអ្នកបើកបរមិនមានរងរបួសទេ បានលូនចេញពីក្នុងរថយន្តត្រូវប្រជា​ពលរដ្ឋ​ចាប់​បាន ។

បុរសអ្នកបើករថយន្តបង្កមានឈ្មោះ ឈុំ ណែម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរស្នាក់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់​ថា មុនកើតហេតុគាត់ដឹកថ្មមិច ៥តោនពីស្រុកកៀនស្វាយ យកទៅស្រុកស្អាង មកដល់ចំណុចកើតហេតុខាងលើ មុខហាងលក់គុយទាវ កោះក្របី ស្រាប់តែរថយន្តគាត់ បែកកង់មុខខាងឆ្វេង ធ្វើឱ្យគ្រប់គ្រង​រថយន្តលែងបាន ដោយសាររថយន្តបើកលឿនផង ទើបរេចង្កូតទៅខាងស្តាំ បុករះម៉ូតូ និងរថយន្តបែនដែលចតនៅចិញ្ចើមផ្លូវ បណ្តាលឱ្យក្រឡាប់រថយន្តរបស់គាត់ ។

អ្នកបើករថយន្តបានឱ្យដឹងទៀតថា កន្លងមកខ្លួនធ្លាប់ជក់​គ្រឿងញៀនមួយរយៈពេលខ្លីដែរ ពេលដែលរូបគេបើករថយន្តពេលទៀបភ្លឺ បានជក់ថ្នាំដើម្បីកុំឱ្យងងុយដេក តែមុនពេលកើតហេតុរូបគេមិនបានជក់ថ្នាំញៀនទេ ។

​សពស្រ្តីរងគ្រោះមានឈ្មោះ ឆែម រតនៈ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរនៅផ្ទះ និងក្មេងស្រី​ដែលស្លាប់ ត្រូវជាក្មួយបង្កើតមានឈ្មោះ ពេជ្រ វណ្ណលីដា ​អាយុ ៣ឆ្នាំ ស្នាក់នៅជាមួយគ្នានៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតជាកូនប្រុសរបស់ស្រ្តីរងគ្រោះ រងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបង្អែកជ័យជំនៈ ដឹកយកទៅសង្គ្រោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យមើលរថយន្តបង្ក ពិតជាបែកកង់មុខដូចសម្ដីបុរសអ្នកបើកបររថយន្តបង្កមែន ក៏បានទាក់ទងខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ ឱ្យមកវាស់វែងតាមជំនាញ រួមទាំងបុរសបើកបររថយន្តបង្កហេតុ ដើម្បីចាត់ការតាមច្បាប់ ។ សពជនរងគ្រោះសាច់ញាតិយកទៅធ្វើបុណ្យតាម​ប្រពៃណី ៕