ភ្នំពេញ៖ បុរសជាឪពុក សុំកូនស្រីទៅច្រៀងខារ៉ាអូខេ អោយបានសប្បាយចិត្ត តាំងពីក្មេងរហូតមកដល់ វ័យពាក់កណ្ដាលជីវិតទៅហើយ មិនដែលចូលច្រៀងខារ៉ាអូខេទេ ទីបំផុតបែរជាដាច់ចិត្ត ទៅចងកសម្លាប់ខ្លួន នៅកាំជណ្តើរឡើងផ្ទះជាន់ទី៣ បង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋចោមរោមមើល និងសមត្ថកិច្ចព័ទ្ធកន្លែងកើតហេតុ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៨ នៅចំណុចច្រកជណ្តើរផ្ទះលេខ១៧ តាមផ្លូវ៣១០ ស្ថិតនៅភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

បុរសចងកសម្លាប់ខ្លួន មានឈ្មោះ វន សូយទ្រី ​ អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦E1 ផ្លូវ២៩៨ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិ៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ​ ។

​តាមសម្តីរបស់កូនស្រីបង្កើត មានឈ្មោះ តាំង ហ្គិចហួង អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦E1 ផ្លូវ២៩៨ ស្ថិតនៅភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បានរៀបរាប់ប្រាប់សមត្ថកិច្ច ទាំងទឹកភ្នែកនិងហួសចិត្តថា លោកឱពុកគាត់ មិនគួរណាធ្វើបែបនេះទេ យប់មិញនៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឪពុកបានប្រាប់​ថា ថ្ងៃនេះសុំទៅច្រៀងខារ៉ាអូខេ ជាមួយមិត្តភ័ក្រ្ត អោយបានសប្បាយចិត្តម្ដង ធ្វើឲ្យរូបគាត់ជាកូន គិតថាប្លែក កន្លងមកមិនដែលឃើញឪពុក ទៅច្រៀងខារ៉ាអូខេទេ ​គ្រាន់តែនឹកក្នុងចិត្តឆ្ងល់​ដែរ តែបើឪពុកប្រាប់អញ្ចឹងហើយ ក៏​អោយប្ដី​ដែលត្រូវជាកូនប្រសារ អោយបើករថយន្តជូនគាត់ ទៅកន្លែងណា ដែលឪពុកចង់ទៅ បែរជាឱពុក​ប្រាប់ថា មិនបាច់ទេគាត់មានអ្នកមកយក ​ចាំតែបន្តិចមកដល់ហើយ ទើបមិនបានឲ្យកូនប្រសាជូនទៅទេ គឺតាមចិត្ត​គាត់ចង់សប្បាយ ព្រោះមិនដែលងាយ ឃើញលោកឱពុកស្លៀកពាក់ ខោអាវស្អាតបាទទេ ។

​កូនស្រីបន្តទៀតថា ក្រោយពីលោកឱពុក ទៅបានកន្លះម៉ោង ទូរស័ព្ទសួរគាត់ម្ដង គាត់លើក​និយាយធម្មតា ក៏​សួរថា ប៉ាច្រៀងចប់ពេលណា ប្រាប់កូនមក កូននឹងទៅយកប៉ាទៅហាងវិញ។​ រហូតលុះដល់ម៉ោង ១១និង៣០នាទីយប់ បាត់យូរពេក ទូរស័ព្ទអត់ចូលទៀត ធ្វើឲ្យមានការព្រួយបារម្ភ​ បានអោយប្ដី​ជូនទៅ តាមរកគ្រប់កន្លែង ដោយទៅមើលនៅស្ពានច្បារអំពៅ និងសួរនាំអ្នករត់ម៉ូតូឌុប និងផ្ដាំផ្ញើរ បើសិនមានរូបរាងនិងភិនភាគ ដូចឪពុករបស់គេ​ ជួយផ្ដល់ព័ត៌មានអោយរូបគាត់ផងហើយ ។

បន្ទាប់ពីដើររកឪពុក គ្រប់ច្រកល្ហកហើយ ចុងក្រោយក៏ត្រលប់មកផ្ទះវិញ​ ដេកក៏មិនលក់ រហូតដល់ម៉ោង៥​ទៀបភ្លឺ មានប្រជាពលរដ្ឋឆោឡោ​ថា មានបុរសម្នាក់ចងកសម្លាប់ខ្លួន នៅក្បែរផ្ទះគាត់មួយផ្លូវ​ ក៏នាំគ្រួសារទៅមើល ទើបឃើញបុរសចងក សម្លាប់ខ្លួនជាឱពុកបង្កើត ​ពិតប្រាកដមែន ដោយចងកសម្លាប់ខ្លួន នៅកាំជណ្តើរឡើងទៅលើផ្ទះជាន់ទី៣ ។

កូនស្រីបានបន្តទៀតថា មូលហេតុដែលឪពុកចងក សម្លាប់ខ្លួនសង្ស័យ មកពីគាត់តូចចិត្ត បន្ទាប់ពីគាត់ទៅប្រទេសថៃ ​វះកាត់ដុំសាច់គីស នៅថ្ពាល់ខាងឆ្វេង​ តែគ្រូពេទ្យនៅប្រទេសថៃ បានប្រាប់ថា អាចព្យាបាលបាន មិនទាន់ដល់កំរិតមហារីកនោះទេ ក្រោយពីត្រលប់មកដល់ផ្ទះវិញ បានរយៈពេល២ខែមកហើយ ឪពុកតែងតែប្រាប់ថា កន្លែងវះដុំសាច់គីសគាត់ មានអារម្មណ៍ឈឺ ហើយដេកមិនលក់ដែរ តែគាត់ប្រាប់ឪពុក​ថា បើមិនស្រួលចាំ​កូន ជូនទៅប្រទេសថៃម្ដងទៀត​ តែមិនទាន់បានទៅផង ​គាត់ដាច់ចិត្តសម្លាប់ខ្លួនឯង ចោលប្រពន្ធកូនទៅហើយ ហើយក្រុមគ្រួសារមិនប្ដឹងផ្ដល់អ្វីទេ ដោយសារឪពុក​បានថតវីដេអូឃ្លីប នៅក្នុង​ទូរស័ព្ទរបស់គាត់ ដោយនិយាយថា គាត់នឹងស្លាប់ ដោយសារជំងឺគាត់ មើលមិនជាទេ មានតែស្លាប់បញ្ចប់ជីវិត ពេលដែលគាត់ចងកសម្លាប់ខ្លួន ទើបឆែកមើលទូរស័ព្ទឃើញ មានរូបថតដែលគាត់ថត នៅក្នុងទូរស័ព្ទ​ទុកផ្ដាំផ្ញើរ អោយកូនចៅ ។

ទោះបីជាយ៉ាងណា កូនបានឲ្យសមត្ថកិច្ចចុះមកត្រួតពិនិត្យសព ឱពុកគាត់ឃើញមុខរបួស មានស្នាមរយះបំពង់កធំ ដោយសារតែយកខ្សែគោរឹតកខ្លាំងពេក បណ្ដាលអោយមានស្នាមរលាត់ ហើយខ្សែរិតយូរៗទៅទើប មានស្នាមរយះធំបែបនេះណា ។ ក្រោយពីនិត្យសពរួច ​ប្រគល់ឲ្យប្រពន្ធកូនយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត នៅភូមិ៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ៕