ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ និងតក់ស្លុតមួយបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បើកគេចម៉ូតូមួយគ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតជិះគ្នា ៤នាក់ពេញទំហឹង បណ្តាលឱ្យបុរសចំណាស់ម្នាក់ជាជីតា ប្តីប្រពន្ធ ស្លាប់រណូករណែល និងកូនប្រុសអាយុ​មួយខួបកន្លះរងបួសធ្ងន់ ​ដែលហេតុការណ៍ ​ដ៏រន្ធត់​នេះ​បានកើតឡើង​នៅ​វេលាម៉ោង​ ៦និង​១០នាទី​ព្រលប់​ ថ្ងៃទី​១៨​ ខែ​មករា​ ឆ្នាំ​២០១៨​ ជិត​វត្ត​ស្លែង​ ផ្លូវ​ជាតិ​លេខ​៣​ ភូមិ​ពងទឹក​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ ។

សពជនរងគ្រោះ​ មានឈ្មោះ​ ១​.ម៉ៅ​ មុត​ ភេទប្រុស​ អាយុ ៧៥ឆ្នាំ​ មុខរបរកសិករ​ ​ត្រូវជាជីតា​ ២.ឈ្មោះ​ មុត​ សុគា​ ភេទស្រី​ អាយុ​២៥ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ​ត្រូវ​ជាប្រពន្ធ​ ៣.​ឈ្មោះ​ ចាន្ថា​ ភេទប្រុស​ អាយុ ២៥ឆ្នាំ​ មុខរបរជាងដាក់ស្លាកយីហោ​​ និង​ ៤.ឈ្មោះ​ មុត​ ផានី​ ភេទប្រុស​ អាយុ ១ឆ្នាំ​កន្លះ​​ ត្រូវជាកូន​រងរបួស​ធ្ងន់​ ។ ជនរងគ្រោះទាំង​បួននាក់ស្នាក់នៅ​ ភូមិព្រៃប្រាសាទ​ ឃុំដើមឬស​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្តាល​ ។

​តាមប្រភពព័ត៌មាន​ពីកន្លែងកើតបានឱ្យដឹងថា​ មុន​កើតហេតុ​ គេបានឃើញ​ក្រុម​គ្រួសារ​មួយ​ ដែល​មានគ្នា​ ៤នាក់​ បាន​ជិះ​ម៉ូតូ​ម៉ាកហុងដា​ឌ្រីម​​ សេរី​ ឆ្នាំ​២០១៦​ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FY-8878 បាន​ធ្វើ​ដំណើរតាមផ្លូវ​ជាតិ​លេខ​៣​ ក្នុង​ទិសដៅ​ពី​ជើងទៅត្បូង​ ។

ខណៈ​មកដល់​ចំនុច​កើតហេតុ​ ស្រាប់តែ​មានរថយន្ត​សណ្តោង​កុងតឺន័រ​ មួយគ្រឿង​ម៉ាក​ INTERNATIONAL ពណ៌ឈាមជ្រូក​ ពាក់​ស្លាកលេខ​ ភ្នំពេញ ​3A-9057 បាន​ធ្វើដំណើរតាម​ផ្លូវ​ ជាតិ​លេខ​៣​ ក្នុង​ទិសដៅ​ពី​ត្បូងទៅជើង​ ក្នុង​ល្បឿនលឿន​ ហើយ​មកដល់​ចំនុច​ខាងលើ​ បានបួង​ចង្កូត​គេចចេញ​ពី​ម៉ូ​តូ​មួយគ្រឿង​ទៀត ដែល​កំពុង​តែ​ដួល​នៅពីមុខ​ ទើប​ធ្វើ​ឱ្យ​រថយន្ត​​ជ្រុលចង្កូតទៅបុក​និង​ម៉ូតូ​ ដែល​ជិះ​ជាលក្ខណៈគ្រួសារ ​មានជីតា ប្តីប្រពន្ធ និងកូនតូច ចំពីមុខ​ពេញទំហឹង​ បណ្តាលឱ្យ​អ្នក​រួម​ដំណើរ​ទាំង ៤នាក់ហោះខ្ទាត​​ចេញ​ក្រៅ​ ខ្លះ​ចូល​ក្រោម​រថយន្ត ​គាបជាប់​​នៅ​ក្រោមរថយន្តស្លាប់​ និងនៅក្រៅ​រថយន្ត​ចំនួន ​៣នាក់​ គឺជីតា និងប្តី​ប្រពន្ធ​ ចំនែក​កូន​ប្រុស​តូច​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ បានមកដឹក​យកទៅ​សង្គ្រោះ​​នៅ​ មន្ទីរពេទ្យគន្ធបុប្ផា​ ។

​​ដោយ​ខាងរថយន្ត​បង្ក ​ភ្លាមៗនោះដែរ​ អ្នក​បើក​បរ​បានបើក​ទ្វារចុះ​ពីលើរថយន្ត ​រត់គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
​​ប្រភព​ដដែល​បានបន្តទៀតថា​ បន្តិច​ក្រោយ​មក ​ឃើញ​មាន​សាច់ញាតិ​បងប្អូន​ ជនរងគ្រោះ​ បានមក​យំសោក​ឱប ​សពជនរងគ្រោះ​ ទាំង​ទឹក​ភ្នែក​ហូរ​ និង​អារម្មណ៍​សោកសៅបំផុត​ ។

​​ក្រោយ​ពេលកើតហេតុ​ ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញខណ្ឌ​ បានចុះ​ទៅកន្លែងកើតហេតុ​ រួចហើយ​បានទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍ក្រុង​ ឱ្យមក​ធ្វើកំណត់​ហេតុ​ប្រគល់​សពជនរងគ្រោះ​ ទាំង​ បីនាក់​ឱ្យ​ទៅក្រុម​គ្រួសារយកទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ ខេត្តកណ្តាល​ ។

ចំនែក​ម៉ូតូ​និ ង​រថយន្ត​បង្ក​ត្រូវបាន​ សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍ជើង​គោក​ រាជធានីភ្នំពេញ​ដើម្បី​​​ដោះស្រាយ​ ។ បើតាមក្រុមគ្រួសារជនរងគ្រោះ ដែលមកយំសោកឱប សពជនរងគ្រោះទាំង ៣នាក់បាន បង្ហើបឱ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះទាំង ៤នាក់នេះមកពីស្រុកកំណើត ដើម្បីទៅបើកថ្នាំ​នៅមន្ទីរពេទ្យ ។
ពេលបើកថ្នាំរួចហើយ បានចូលលេងផ្ទះបងប្អូននៅភ្នំពេញ រហូតដល់ម៉ោងកើតហេតុ ទើបធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ ក៏ជួបគ្រោះថ្នាក់អកុសលបែបនេះតែម្តង ៕