ភ្នំពេញ៖ បុរស​ជាមេការ​សំណង់ម្នាក់ បានជិះម៉ូតូ​ធន់ធំ​ក្នុង​ល្បឿនលឿនមកដល់ចំណុចផ្លូវងងឹត​ បានជ្រុល​ទៅ​បុក​និងម៉ូតូ​សណ្តោងរ៉ឺម៉កដែល​ធ្វើ​ដំណើរ​ក្នង​ទិសដៅស្របគ្នា​ ចំពីក្រោយ​ពេញទំហឹង ​បណ្តាល​ឱ្យ​អ្នកបើក​ម៉ូតូដួល​បោកក្បាលផុង​ល​លាដ៍ក្បាល​ស្លាប់​នៅ​កន្លែង​ កើតហេតុ ចំនែក​អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ រងរបួស​ស្រាល​ ហេតុការណ៍នេះបានកើតឡើង​ នៅវេលាម៉ោង​ ៩យប់​ ថ្ងៃទី​១៨​ ខែ​មករា​ ឆ្នាំ​២០១៨​ ចំនុច​តំបន់​វាលស្ងាត់​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ព្រែក​តាឡុង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ។

​​សពជនរងគ្រោះមានឈ្មោះ​ ហ៊ុន​ តុលា​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ មុខរបរមេការ​សំនង់​ ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ មានស្រុកកំណើត​នៅឃុំ​បារាយ​ ស្រុក​បារាយ​ ខេត្ត​កំពង់ធំ​ ជិះម៉ូតូ​ធន់ធំ​ម៉ាក​ YAMAHA FZ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ ​1BV-2656 ។ ចំនែក​ម្ចាស់រ៉ឺម៉ក​ ក៏មិនទាន់ស្គាល់​អត្តសញ្ញាណ​ ដោយ​សារ​ស្រវឹង​ខ្លាំង​ពេក ។



​​តាម​ប្រភព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ម្នាក់​វ័យ​ជាង ​៤០ឆ្នាំ​ បានបើក​ម៉ូតូ​សណ្តោងរ៉ឺម៉ក​ អត់​មាន​ស្លាកលេខ​ និងគ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​​ បាន​ធ្វើដំណើរតាម​ផ្លូវ ​៦០ម៉ែត្រ​ ក្នុងទិសដៅ​ពី​ត្បូងទៅជើង​ ។

ខណៈ​មកដល់​ចំនុច​កើតហេតុ​ ដែល​ជាផ្លូវ​ស្ងាត់​ ហើយ​ងងឹត​ទៀត​នោះ​ ក៏ស្រាប់​តែមាន​បុរស​ម្នាក់​វ័យ ​៤០ឆ្នាំ​ មិនដឹង​ថា​គោលបំណង​ទៅណានោះទេ​ គឺបាន​ជិះម៉ូតូ​ ធន់ធំ​ម៉ាក​ YAMAHA​ FZ​ ពណ៌ខ្មៅ​ ​​ធ្វើ​ដំណើរ​ ក្នង​ទិសដៅស្របគ្នា​ ក្នុង​ល្បឿនលឿន​ដូចហោះ​ ហើយ​ណាមួយ​ផ្លូវ​ងងឹត​ផងនោះ​ បានជ្រុលទៅបុក​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉កពីក្រោយ​ពេញទំហឹង​ បណ្តាលឱ្យ​អ្នកបើកម៉ូតូហោះ​ផ្លោង​ បោកក្បាលផុង​ល​លាដ៍ ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ គួរឱ្យ​អណោច​អធ័ម​បំផុត​ ។ ចំនែក​ម៉ូតូ​វិញ រងការ​ខូចខាត​ ខ្ទេចផ្នែកខាងមុខ​ស្ទើរតែ​ទាំង​ស្រុង​ ។

​​ដោយ​ឡែក​​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ វិញ​រងរបួស​ ក្រឡិត​ មុខមាត់​តិចតួច​ មិន​បានទៅមន្ទីរពេទ្យ​នោះទេ​​ ​ពេល​សមត្ថកិច្ច​ហៅ​សួរនាំ​ ស្រាប់តែបុរសជាអ្នកម៉ូតូសណ្តោងរ៉ឺម៉ក ​ធំក្លិនស្រា​ហួង​ ហើយ​និយាយស្តី​វង្វេង​វង្វាន់​ លែង​ដឹង​អ្វី​ទាំង​អស់​ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ផងដែរ​ ។

​​ក្រោយ​ពេលកើតហេតុ​ ឃើញ​មាន​សមត្ថកិច្ច​ ជំនាញបានចុះ​ទៅកន្លែងកើតហេតុ​ រួចហើយ​បានទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍ក្រុង​ឱ្យ មក​ធ្វើលិខិតប្រគល់​សពជនរងគ្រោះ​ ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​ ខេត្ត​កំពង់ធំ​ ។
ចំនែក​ម៉ូតូ​ និង​រ៉ឺម៉ក​ ព្រម​ទាំង​អ្នក​បើករ៉ឺម៉ក​សណ្តោង​ ត្រូវ​សមត្ថកិច្ច​វាស់វែង​យកម៉ូតូ​ រក្សារ​ទុកនៅ​ការ​រិយាល័យ​ចរាចរណ៍​ជើង​គោក ​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​ ៕