ខេត្តពោធិ៍សាត់៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ចេញពីសាលារៀនដើរទៅផ្ទះ ក៏ត្រូវយុវជនទំនើងស្ទាក់ផ្លូវ ប៉ុនប៉ងចាប់រំលោភ ធ្វើឲ្យនាង​ភ័យ​ខំប្រឹងរើបម្រះ ហើយក៏ត្រូវជននេះចាក់សម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មិត្តភក្ដិ២នាក់ រត់មកជួយ និងត្រូវជនល្មើសចាក់ប្រហារ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ។

មន្ត្រីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ង៉ុយ អ៊ី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

រីឯក្មេងស្រីរងគ្រោះ ឈ្មោះ យឿន យ៉ា ភេទស្រី អាយុ១៣ឆ្នាំ (ស្លាប់) មុខរបរជា​សិស្ស​ថ្នាក់​ទី​៤ រស់នៅភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រីឯមិត្តភក្ដិដែល​មក​ជួយជនរងគ្រោះឲ្យគេចផុតពីការចាប់រំលោភរបស់ជនសង្ស័យនោះ ទី​១-​ឈ្មោះ យី ប៉េ​ស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​២-​ឈ្មោះ បូ​ន ភិន ភេទ​ប្រុស និង​ទី​៣-​ឈ្មោះ ឌឿ​ន ដា ភេទ​ប្រុស រស់នៅក្នុងភូមិកើតហេតុ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមានករណីចាប់រំលោភនោះ ក្មេងស្រីរងគ្រោះទើបនឹងចេញពីសាលារៀនដើរតាមផ្លូវរទេះត្រឡប់​ទៅ​ផ្ទះរបស់នាង។ លុះពេលនាងធ្វើដំណើរមកដល់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យចាំស្ទាក់ផ្លូវ ស្ទុះមកចាប់ដៃនាងអូសចូលទៅក្នុងព្រៃ ព្យាយាមប៉ុនប៉ងរំលោភសេពសន្ថវៈ។ ប៉ុន្តែ​ពេលនោះ ក្មេងស្រីរងគ្រោះ​បានព្យាយាមខំប្រឹងរើបម្រះ ក៏ធ្វើឲ្យមានការប្រតាយប្រតប់គ្នា ហើយ​ជន​សង្ស័យ​ក៏បានចាក់ប្រហារទៅលើក្មេងស្រីរងគ្រោះ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មរំពេច។ នៅពេលឮសម្រែក​ជនរងគ្រោះស្រែកឲ្យជួយបែបនេះ មិត្តភក្ដិរបស់នាង ៣នាក់ក៏បានរត់មកជួយអន្តរាគមន៍ ជួយសង្គ្រោះជនរង​គ្រោះ ក៏ត្រូវជនល្មើសចាប់ប្រហារមកលើ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនល្មើសរងរបួសស្រាល។

ប្រភពព័ត៌មានផ្សេងទៀត បានបន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ​ចេញពីសាលារៀន ហើយដើរតាមផ្លូុវរទេះ​ លុះពេលនាងដើរ​មកដល់កន្លែងស្ងាត់ ស្រាប់តែជនសង័្សយបានស្ទុះមកចាប់រំលោភជនរងគ្រោះ ទើបនាងស្រែកហៅគេជួយ។ ស្របពេលនោះ​ មានយុវជនរងគ្រោះ៣នាក់កំពុងតែ​ដើរ​រក​ក្របី​បាត់ ​ហើយឮសំឡេងមនុស្សស្រែក ក៏​ស្ទុះមក​ជួយ​ តែ​ត្រូវ​ជនសង្ស័យ​ឈ្មោះ​ ង៉ុ​យ​ អ៊ី​ ចាក់​មួយ​កាំបិត​ចំពោះ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់។​ ឃើញ​ហេតុ​ដូច្នេះ​មិត្តភក្តិ​យក​អ្នក​របួស​រត់​ចេញ​ ហើយ​ត្រូវ​ជនសង្ស័យ​ដេញ​តាម​ តែ​តាមមិន​ទាន់​ ទើបជនសង្ស័យ​​បែរ​ទិស​ដៅ​ ត្រឡប់​មក​ចាក់​នារី​រង​គ្រោះ​ឈ្មោះ​ យឿ​ន​ យាំ​ បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាមៗមួយរំពេច រួចហើយគេបាន​រត់គេច​ខ្លួនបាត់។

បើ​តាម​ការ​បំភ្លឺ​របស់​សាក្សី​ម្នាក់​ទៀត​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ ង៉ុ​យ​ អ៊ី​ បាន​គេច​ពី​កន្លែង​កើតហេតុ​សំដៅ​ទៅ​ផ្ទះ​គូ​ដណ្តឹង​របស់​ខ្លួន។​ លុះមកដល់​វេលា​ម៉ោង​៧​ និង​៣៥​នាទី​យប់​ ថ្ងៃ​ដដែល​ ជនសង្ស័យ​បាន​យក​ដែលកាំបិត​ចាក់​ទៅ​លើ​ក្មេងស្រីរងគ្រោះ​មួយ​កាំបិត​ចំ​ដើម​ដោះ​ខាងឆ្វេង​ មក​​ចាក់​ខ្លួនឯង​ចំពោះ​ បណ្ដាលឲ្យរង​របួស រួច​គ្រា​គូ​ដណ្តឹង​សំដៅ​មក​ផ្ទះ​របស់​ខ្លួន​ ហើយ​មានការ​ភ្ញាក់ផ្អើល​ពី​ក្រុម​គ្រួសាររបស់​ជន​រង​គ្រោះជា​គូ​ដណ្តឹង​ ទើបសមត្ថកិច្ច​ចុះទៅ​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​តែ​ម្តង​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅព្យាបាលមុខរបួស នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្រោមការយាមកាមពីសមត្ថកិច្ច មុននឹងនាំទៅចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលរងរបួសធ្ងន់ ខណៈទៅជួយក្មេងស្រីរងគ្រោះ ត្រូវសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ៕